(ក្រុងអាយរេស)៖ ប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូង អាហ្សង់ទីនទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៣ (U-20 World Cup) បន្ទាប់ពី FIFA បានដកសិទ្ធិឥណ្ឌូនេស៊ីវិញ។

ដំបូងឡើយ សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ក៏ជាបេក្ខភាពចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះដែរ មុនពេលយុទ្ធនាការ ៤ឆ្នាំម្តងដែលគ្រោងរៀបចំនៅកោះបាលី ត្រូវបានលុបចោលវិញ ក៏ព្រោះតែគណៈគ្រប់គ្រងនៃកោះដ៏មានប្រជាប្រិយភាពខាងលើគឺលោក Wayan Koster បានជំទាស់ក្នុងការធ្វើម្ចាស់ផ្ទះដែលមានក្រុមអ៉ីស្រ្តាអែលចូលរួមនោះ។

ឥណ្ឌូនេស៊ី ពុំមានភាពតានតឹងផ្នែកការទូតជាមួយអ៉ីស្រ្តាអែលឡើយនាពេលថ្មីៗនេះ នៅចំពោះមុខក្រុមបាតុករដែលគាំទ្រប៉ាឡេស្ទីន បានធ្វើព្យុះហយាត្រាក្នុងការទាមទារឲ្យអ៉ីស្រ្តាអែលដកខ្លួនចេញពីការប្រកួត U-20 World Cup នាឆ្នាំនេះដែរ។

ប្រទេសស្ថិតនៅតំបន់អាស៊ីប៉ែកអាគ្នេយ៍ខាងលើនេះដដែលបានឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup 2023 កាលឆ្នាំ២០១៩ មកម្ល៉េះ តាំងពីមុនអ៉ីស្ត្រាអែលបានលេងវគ្គជម្រុះទៅទៀត ដ្បិតក្រុម U-20 របស់អង់គ្លេសក៏បានឈានដល់ជុំចុងក្រោយនេះផងដែរ។

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិបានថ្លែងប្រាប់ BBC ថា «FIFA មានសេចក្តីរីករាយក្នុងការប្រកាសថា អាហ្សង់ទីនទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Under-20 World Cup នៅឆ្នាំនេះដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។ ព្រឹត្តិការណ៍នៅឆ្នាំនេះរឹតតែអស្ចារ្យខ្លាំងឡើង ដោយលេងក្នុងប្រទេសដែលទើបឈ្នះពាន World Cup 2022 ពោរពេញដោយតារាឆ្នើមៗ មានដូចជា Lionel Messi ជាដើម»