(ក្រុងឡុងដ៍)៖ Liverpool រកបាន ៣ពិន្ទុលើកដំបូងនៅលីគកំពូលអង់គ្លេស Premier League ពីការលេង ៥ប្រកួតចុងក្រោយ តាមរយៈបំបាក់ម្ចាស់ផ្ទះ Leeds United ៦ទល់នឹង១ នារាត្រីឆ្លងចូលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា)។

ក្នុងប្រកួតក្រៅដីនោះដែរ កីឡាករ Cody Gakpo ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៣៥ ដែលជាគ្រាប់ទី៥ របស់គេផងដែរ គិតចាប់តាំងពីបានចូលរួមជាមួយហង្សក្រហមតាំងពីខែមករា ឆ្នាំ២០២៣ មក ស្របពេលដែលមិត្តរួមក្រុម Mohamed Salah ដែលជា Main of the Match នោះរកបាន ២គ្រាប់ម្នាក់ឯងដូចទៅនឹង Diogo Jota គ្រាដែល Darwin Nunez ជាអ្នកសម្រេចគ្រាប់ទី៦ នៅនាទីចុងម៉ោង។

ជាការឆ្លើយតប Leeds United ដែលកំពុងឈរនៅលេខរៀងទី១៦ ជាមួយនឹង ២៩ពិន្ទុជាបណ្តោះអាសន្នផងនោះ រកបាន ១គ្រាប់វាយបកវិញភ្លាមៗក្រោយពីការសម្រាកវគ្គទី១ ធ្វើបានសម្រេចដោយកីឡាករ Luis Sinisterra ពីការឆក់បាល់បានពីខ្សែការពារ Ibrahima Konate ស៊ុតបញ្ចូលទី Alisson យ៉ាងស្អាត។ Leeds នៅក្រៅតំបន់កាត់ចេញតែ ២ពិន្ទុនោះទេ ក្រោយការបរាជ័យក្នុងផ្ទះ ២ប្រកួតផ្ទួនៗបែបនេះ។

ចំណែកឯ Liverpool វិញ នេះគឺជាជ័យជម្នះលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៣ មក ពោលគឺក្រោយពេលពួកគេបានបំបាក់គូប្រជែង Manchester United ក្នុងលទ្ធផល ៧-០ រួចមកក្នុងលីគដូចគ្នា ដ្បិតពួគេនៅសល់ ៨ប្រកួតទៀត មុនបិទរដូវកាលឆ្នាំ២០២២-២០២៣ ដោយមាន ៤៧ពិន្ទុ ឈរនៅលេខរៀងទី៨ ចាញ់ប្រៀបក្រុមស្ថិតក្នុងតំបន់ Top-4 គឺ Newcastle United ចំនួន ៩ពិន្ទុ៕