(ក្រុងឡុងដ៍)៖ ចាប់ពីរដូវកាលឆ្នាំ២០២៦-២០២៧ តទៅ បណ្តាក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League នឹងពុំមានដៃគូឧបត្ថម្ភ (Sponsor) ដែលមានចរិតជាល្បែងស៊ីសងនៅលើអាវផ្ទៃខាងមុខរបស់ពួកគេទៀតឡើយ ក្នុងអំឡុងប្រកួតនានា។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ នេះថា រាជរដ្ឋាភិបាលអង់គ្លេស ក្របខណ្ឌ PL និងក្លិបទាំង២០ បានប្រជុំឯកភាពគ្នាក្នុងការបញ្ចប់កិច្ចសន្យា និងឈប់ទទួលយកម្ចាស់ឧបត្ថម្ភក្រុមហ៊ុនល្បែងផ្សេងៗនៅត្រឹមរដូវកាល ២០២៥-២០២៦ តែប៉ុណ្ណោះ ពោលគឺពុំមានទៀតឡើយនៅលើឯកសណ្ឋានរបស់ពួកគេចាប់ពីរដូវកាលបន្ទាប់តទៅ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ PL បានបញ្ជាក់ថា «នៅថ្ងៃនេះ បណ្តាក្លិបទាំងឡាយដែលលេងនៅ Premier League បានឯកភាពគ្នាជាធ្លុងមួយក្នុងការដកចេញចំពោះដៃគូឧបត្ថម្ភជាល្បែងនៅលើអាវរបស់ពួកគេ ក្នុងគោលបំណងដើម្បីកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងស៊ីសង»

លើសពីនេះទៀត PL ក៏បានកំពុងធ្វើការជាមួយកីឡាដទៃផ្សេងទៀត ក្នុងការអភិវឌ្ឍ ក៏ដូចជាទទួលខុសត្រូវចំពោះក្រុមហ៊ុនឧបត្ថម្ភជាល្បែងស៊ីសងផងដែរ ក្នុងការកែតម្រូវអំពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។

វាត្រូវបានគេរាយការណ៍ដែរថា ក្លិបទាំងឡាយអាចដាក់ឈ្មោះក្រុមហ៊ុនដៃគូឧបត្ថម្ភជាល្បែងស៊ីសងរបស់ពួកគេនៅលើអាវបានដដែល គឺនៅលើដៃអាវវិញម្តង (shirt sleeves)។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមាន ៨ក្លិបដែលលេងនៅ Premier League មានដៃគូឧបត្ថម្ភជាល្បែងស៊ីសងនៅអាវផ្ទៃខាងមុខរបស់ពួកគេមានដូចជា ក្លិប Everton, Newcastle United និង West Ham United ជាដើម៕