(ភ្នំពេញ)៖ ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះបុគ្គលិក តាមរយៈការរៀបចំកម្មវិធីពិព័រណ៍សុខភាព ដែលផ្តល់នូវការពិនិត្យ និងចំណេះដឹងផ្នែកសុខភាពដល់បុគ្គលិករបស់ខ្លួន ធនាគារ វីង ដែលជាម្ចាស់ពានរង្វាន់និយោជកឆ្នើមឆ្នាំ ២០២២ (Best Employer Brand Award 2022 for Staff Care) ពីស្ថាប័ន World HRD Congress បានរៀបចំពិព័រណ៍សុខភាពសម្រាប់បុគ្គលិក នៅឯធនាគារ វីង សាខាបឹងត្របែក ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការក្លាយជានិយោជកឈានមុខ បន្ថែមពីលើការផ្តល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈ និងបរិយាកាសការងារដែលល្អបំផុតសម្រាប់បុគ្គលិក។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឲ្យដឹងថា សុខភាព និងសុខុមាលភាពរបស់បុគ្គលិក គឺជាអាទិភាពចម្បងរបស់យើងទាំងអស់គ្នា។ ទាំងនេះ គឺជាការតាំងចិត្ត​បង្ហាញ​ពីការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់បុគ្គលិក ដោយផ្តល់ឲ្យពួកគេនូវការថែទាំ និងការយកចិត្តទុកដាក់មួយដែលពួកគាត់សមទទួលបានតាមរយៈកម្មវិធី​សុខភាពនានា ដូចជាពិព័រណ៍សុខភាពនាពេលនេះជាដើម។

នៅក្នុងកម្មវិធីពិព័រណ៍សុខភាពបានផ្តល់ឲ្យបុគ្គលិកនូវលទ្ធភាពទទួលបានកម្មវិធីសុខភាពជាច្រើន រួមមាន៖ការពិនិត្យសុខភាព ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ការបណ្តុះបណ្តាលផ្នែកសុខភាព ការចាក់វ៉ាក់សាំងឥតគិតថ្លៃ​ និងសេវាសុខភាពផ្សេងៗទៀត។

កម្មវិធីនេះ ស្ថិតក្នុងចំណោមព្រឹត្តិការណ៍សំខាន់ផ្សេងៗទៀត ដែលធនាគារ វីង តែងតែរៀបចំធ្វើឡើង ដើម្បីធានាឲ្យបាន​នូវសុខភាពល្អ និង​សុខុមាលភាពជូនដល់បុគ្គលិករបស់ខ្លួន។
លោក ហាន ប៉េងក្វាង  បានបន្ថែមថា៖ ការវិនិយោគលើសុខភាពបុគ្គលិក គឺជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ហើយកម្មវិធីពិព័រណ៍សុខភាពរបស់ធនាគារ វីង គឺជាសក្ខីភាពមួយដែលបង្ហាញអំពីការតាំងចិត្តរបស់យើងខ្ញុំ។
យើងខ្ញុំមានគោលបំណងផ្តល់នូវការធានាឲ្យបានថា បុគ្គលិករបស់ធនាគារ វីង មានសុខភាពល្អ រីករាយ និងមានផលិតភាព ហើយយើងខ្ញុំនឹងបន្តការវិនិយោគលើសុខភាព និងសុខុមាលភាពរបស់ពួកគេបន្ថែមទៀត។ សុខភាព គឺជាទ្រព្យសម្បត្តិ។

នៅធនាគារ វីង បុគ្គលិកទាំងអស់អាចចូលរួមយ៉ាងពេញលេញក្នុងការផ្តួចផ្តើមគំនិត និងសកម្មភាពនានា រួមទាំងកម្មវិធីថែទាំសុខភាព ការជួបជុំពិភាក្សា ព្រឹត្តិការណ៍វប្បធម៌ សកម្មភាពសង្គម និងសកម្មភាពផ្សេងៗទៀត​ជាច្រើន​។ ក្នុងនាមជានិយោជកដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង មានមោទកភាពក្នុងការផ្តល់ជូននូវតុល្យភាពជីវិតការងារ ដែលផ្តល់ឱកាសឲ្យបុគ្គលិកមានការរីកចម្រើនសម្រាប់ខ្លួនផ្ទាល់ និងអាជីពការងារ៕