(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Burnley បានក្លាយជាក្រុមដំបូងគេ ក្នុងការឈ្នះកៅអីវិលទៅលេងនៅលីគកំពូលអង់គ្លេស Premier League វិញនារដូវកាលក្រោយ បន្ទាប់អវត្តមាន ៣រដូវកាលរួចមក។

តាមរយ:ជ័យជម្នះ ២ទល់នឹង១ ទៅលើម្ចាស់ផ្ទះ Middlesbrough នាយប់មិញនេះ បានធ្វើឲ្យក្រុមដឹកនាំដោយលោក Vincent Kompany អតីតខ្សែការពារក្លិប Manchester City នោះ រកបាន ៨៧ពិន្ទុ នាំមុខក្រុមលេខ៣ Luton Twon ចំនួន ១៩ពិន្ទុ ដ្បិតនៅសល់ ៦ប្រកួតទៀតបិទរដូវកាលក្របខណ្ឌទី២ Championship។

នេះមានន័យថា Burnley ត្រូវការតែ ១១ពិន្ទុពី ៧ប្រកួតទៀតរបស់ពួកគេ ក្នុងការឈ្នះពាន Championship 2022-2023 ហើយប្រសិនបើពួកគេរកបាន ១៣ពិន្ទុវិញនោះ ពួកគេនឹងក្លាយជាក្រុមទី១ នៅក្របខណ្ឌទី២ នេះដែរដែលរកបានចាប់ពី ១០០ពិន្ទុក្នុង ១រដូវកាល គិតចាប់តាំងពីក្រុមកញ្ជ្រោងខៀវ Leicester City ធ្លាប់ធ្វើបាននៃរដូវកាល ២០១៣-២០១៤។

Burnley ដែលធ្លាប់ឈរជើងលេងនៅ Premier League បាន ៦រដូវកាលផងនោះ បន្តធ្វើបានល្អស្ថិតក្រោមការដឹកនាំដោយបុរសសញ្ជាតិប៊ែលហ្សិក Kompany ដែលបានលាឈប់ដឹកនាំក្លិបក្នុងស្រុក Anderlecht ក្រោយកាត់ចេញពីលីគកំពូលរដូវកាលមុន តាមរយៈដឹកនាំឈរនៅកំពូលតារាង Championship គិតចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដល់បច្ចុប្បន្ននេះ។

ចំណែកឯ Middlesbrough ដែលកំពុងឈរនៅលេខ៤ ជាបណ្តោះអាសន្នវិញ បានរងបរាជ័យ ២ប្រកួតជាប់ៗគ្នា និងចាញ់ក្រុមលេខ២ Sheffield United ចំនួន ៩ពិន្ទុ មិនទាន់អស់សង្ឃឹមក្នុងការប្រជែងកៅអីទៅ PL ដូចគ្នា៕