(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសានេះ បានចេញទៅបោះជំរំហ្វឹកហាត់នៅថៃជាថ្មី ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាចុងខែមេសានេះ ។ ការហ្វឹកហាត់ក្រៅស្រុករបស់ក្រុមគោព្រៃជំទង់កម្ពុជានេះ គឺមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

ដំណាលគ្នានឹងការចាកចេញពីមាតុភូមិនេះ នៅព្រឹកថ្ងៃសៅរ៍នេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុម U22 កម្ពុជា ដែលត្រូវបោះជំរំហ្វឹកហាត់ដំណាក់កាលទី៣ នៅថៃ ចំនួន ២៣នាក់ ក្នុងនោះមានអ្នកចាំទី ៣នាក់(កាយ សាលីម, រ៉េត លីហេង និង វីរៈ ដារ៉ា) ។ ខ្សែការពារ ១១នាក់(ឈុំ សុខហៃ, កើត ពេជ្រ, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, នី សុខរី, សុផល ឌីម៉ង់, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង និង ផាត សុខា) ។

ខ្សែបម្រើ ៥នាក់(ស៊ិន សុវណ្ណមករា, ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ និង លីម អារុណ រ៉េយមិន) និងខ្សែប្រយុទ្ធ ៤នាក់ (លឹម ពិសុទ្ធ, សៀង ចន្ធា, គី រីណា និងហាវ សុខនេត្រ) ។

គួរដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា សម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្រុម U22 កម្ពុជា ស្ថិតក្នុងពូល A ជាមួយឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត ខណៈពូល B មានវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសាតទៅ ពោលគឺមុនពិធីបើកការប្រកួតស៊ីហ្គេម ១សប្ដាហ៍ គ្រាដែលប្រកួតបើកឆាករបស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបក្រុម U22 ទីម័រខាងកើតមុនគេ ៕