(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធិឌី និង ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូអិលធីឌី បានរៀបចំពិធីសម្ពោធផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាផ្លូវការ ដែលជាផ្សារទំនើប ទី៣របស់ខ្លួន នៅក្នុងពកម្ពុជា នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបណ្ឌិតបណ្ឌិត បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធិឌី នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។ 

លោកបន្តថា សំណង់ និងការរៀបចំផ្សារដ៏ទំនើបមួយនេះ ក៏បានបង្ហាញថា ក្រុមហ៊ុនមិនបានផ្តោតតែទៅលើការទាញយកផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានគិតគូរផងដែរអំពីការចូលរួមក្នុងកិច្ចការសង្គម តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការបន្តគាំទ្រដល់ផលិតផលក្នុងស្រុក, ការរៀបចំកម្មវិធីវប្បធម៌ជាប្រចាំ ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ និងការចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។ សមិទ្ធផលទាំងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ ព្រមទាំងឱកាសវិនិយោគ និងអាជីវកម្មថ្មីៗសម្រាប់វិនិយោគិន និងអាជីវករទាំងក្នុង និងក្រៅស្រុក។

ជាមួយនឹងវត្តមានរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុននាឱកាសនេះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ កម្ពុជា-ជប៉ុន ទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ« ចាប់ពីឆ្នាំ២០២៣ នេះ។ ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ, មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលសម្រេចបានគោលដៅដោយបានប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតមធ្យមនៅឆ្នាំ២០៣០ និងកំពុងសំដៅទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបន្ថែមថា ម៉្យាងវិញទៀត តំបន់នេះកំពុងត្រូវបានអភិវឌ្ឍន៏ជាក្រុងរណបនៃរាជធានីភ្នំពេញ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់យ៉ាងល្អ នឹងមានភាពងាយស្រួល ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអតិថិជនពីតំបន់យ៉ាងច្រើន ដោយសារចំនួនប្រជាជនត្រូវបានគេរំពឹងថានឹងកើនឡើង ដែលអមជាមួយនឹងគម្រោងជាច្រើនដែលគ្រោងនឹងកើនឡើងនាពេលខាងមុខ។

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាប្រកបដោយភាពឆ្នៃប្រឌិត ជាមួយនឹងបទពិសោធន៏ ១០ឆ្នាំ នៃការគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ជាពិសេសនឹងផ្តល់នូវការកម្សាន្ត និងការអប់រំ សម្រាប់មនុស្សគ្រប់វ័យ ក្រោមគោលគំនិតនៃផ្សារទំនើប «មជ្ឈមណ្ឌលកម្សាន្ត» នៅចំណុចកណ្តាលនៃការអភិវឌ្ឍន៍ទីក្រុងថ្មីនេះ៕