(បរទេស)៖ សមាជិកព្រឹទ្ធសភាអាមេរិកចំនួនពីររូប នៅតែទទូចឱ្យដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីដើម្បីហាមឃាត់កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok របស់ចិន និងបានច្រានចោលរាល់ការរិះគន់បើទោះបីជាមានការអះអាងពី CEO TikTok ក្តី ដោយលើកហេតុផលថា វាជាវិធីល្អបំផុតដើម្បីដោះស្រាយកង្វល់សុវត្ថិភាពអំពីកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុនបរទេស ជាពិសេសគឺប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

កាលពីខែមុនសមាជិកព្រឹទ្ធសភាលោក Mark Warner និងលោក John Thune បានស្នើច្បាប់រឹតបន្តឹងដែលនឹងផ្តល់សិទ្ធិអំណាចថ្មីដល់ក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យ ទប់ស្កាត់ និងដោះសា្រយប្រតិបត្តិការជាច្រើនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងបរទេសដែលបង្កហានិភ័យសន្តិសុខជាតិ។

សមាជិកព្រឹទ្ធសភាទាំងពីររូបនេះបាននិយាយនៅក្នុងអត្ថបទរបស់កាសែត Wall Street Journal ថា «សេចក្តីព្រាងច្បាប់របស់យើងត្រូវបានស្នើឡើងដើម្បីធ្វើទំនើបកម្ម អាជ្ញាធរសេដ្ឋកិច្ចអន្តរជាតិរបស់ប្រធានាធិបតីសម្រាប់យុគសម័យឌីជីថល ក៏ដូចជាដាក់របាំងការពារសំខាន់ៗលើសិទ្ធិអំណាចរបស់ប្រធានាធិបតី និងផ្តល់ឱ្យសភានូវសិទ្ធិអំណាចដើម្បីបដិសេធការសម្រេចចិត្តមួយចំនួនដែលធ្វើឡើងដោយប្រធានាធិបតី និងបង្កើតដំណើរការផ្អែកលើហានិភ័យដើម្បីដោះស្រាយជាមួយសត្រូវបច្ចេកវិទ្យាបរទេស»

គួរជម្រាបដែរថា រឿងរ៉ាវរវាងក្រុមហ៊ុនចិន TikTok និងអាមេរិក ទំនងជាមិនចប់នោះទេ បើទោះបីជា CEO របស់ TikTok លោក Shou Zi Chew ឡើងផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិកក៏ដោយ។ សេតវិមាន និងសមាជិកព្រឹទ្ធិសភាចំនួន ២៦រូបផ្សេងទៀតនៅតែគាំទ្រឱ្យដាក់ចេញនូវច្បាប់រឹតបន្តឹងដែលនឹងអនុវត្តចំពោះបច្ចេកវិទ្យាបរទេសដូចជាប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ វេណេស៊ុយអេឡា និងគុយបា។ បន្ថែមពីនេះទៅទៀតអាមេរិកដាក់លក្ខខណ្ឌឱ្យម្ចាស់ TikTok របស់ចិនអាចដកភាគហ៊ុនរបស់ពួកគេ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក៕