(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រឿងសង្ហារិម មានការទទទួលស្គាល់លំដាប់អន្តរជាតិ និងលក់ដាច់ជាងគេបំផុត នៅសហរដ្ឋអាមេរិក Ashley Furniture Homestore បានធ្វើការសម្ពោធបើកឲ្យដំណើរការ សាខាទី៣របស់ខ្លួន នៅប្រទេសកម្ពុជា ក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

កម្មវិធីនេះ បានប្រឹព្រឹត្តឡើងនៅក្នុងបរិវេណហាងថ្មី ក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ផ្ទាល់ ក្រោមវត្តមានភ្ញៀវកិត្តិយស និងអ្នកតំណាងរបស់ក្រុមហ៊ុន អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីដ៏អស្ចារ្យគួរជាទីសាទរនេះ ក៏មានការរាំរបាំជូនពរ និងកាត់ខ្សែបូពីសំណាក់ពីថ្នាក់ដឹកនាំ និងអ្នកតំណាងក្រុមហ៊ុន Ashley Furniture Homestore ផងដែរ។

លោកស្រី ជា ឆេងហ្គិច អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Ashley Furniture Homestore Cambodia បានបង្ហាញនូវសុទិដ្ឋនិយមរបស់ខ្លួនយ៉ាងរីករាយបំផុត ក្នុងឱកាសពិធីបើកសម្ពោធសាខាទី៣នេះ។
លោកស្រី បានគូសបញ្ជាក់ថា «ការបើកដំណើរការ Ashley សាខាទី៣នេះ នឹងមានលទ្ធភាពបំពេញតម្រូវការរបស់អតិថិជនបានទាន់ពេលវេលា និងផ្តល់ភាពងាយស្រួល់ដល់អតិថិជនដែលរស់នៅតំបន់នេះ និងគ្រប់តំបន់»

«ប្រសិនបើគ្មានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា និងការគោរពក្នុងភាពជាដៃគូដ៏អស្ចារ្យពី Ashley យើងមិនអាចដើរមកដល់ចំណុចនេះបានទេ»។ លោកស្រី ឆេងហ្គិច បានបន្ថែម។

លោកស្រីក៏បានបញ្ជាក់ជុំវិញការរៀបចំ និងគោលគំនិតនៃការរចនាហាងថា «គ្រប់សាខាទាំងអស់ត្រូវបានរចនាឡើង យ៉ាងយកចិត្តទុកដាក់ដោយអ្នកជំនាញរបស់ Ashley ផ្ទាល់តាំងពីដំណាក់កាល ចាប់ផ្ដើមរហូតដល់ការរីកចំរើនដូចពេលនេះ។ ថ្ងៃនេះមិនត្រឹមតែជាឱកាសបើកសម្ពោធសាខាថ្មីប៉ុណ្ណោះទេ ក៏ជាថ្ងៃគម្រប់ខួប៦ឆ្នាំដែល Ashley Furniture Homestore មានវត្តមាននៅលើទីផ្សារកម្ពុជា»

នៅចំពោះមុខភ្ញៀវកិត្តិយសប្រមាណ ១០០នាក់ លោកស្រី ឆេងហ្គិច ក៏បានធ្វើការប្ដេជ្ញាថា នឹងផ្តល់ជូនគ្រឿងសង្ហារិម ដែលមានគុណភាពល្អបំផុត ធានាទាំងតម្លៃ និងសេវាកម្មរហ័សទាន់ចិត្ត ស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុន Ashley បានកំណត់។

ចំណែកលោក Jason អ្នកតំណាងក្រុមហ៊ុន Ashley ប្រចាំតំបន់អាស៊ី ក៏បានសម្ដែងនូវទំនុកចិត្តដ៏ខ្ពស់បំផុត ចំពោះក្រុមការងារនៅកម្ពុជា ក្នុងការផ្ដល់ជូនគ្រឿងសង្ហារិម ដែលមានមូលដ្ឋានពីសហរដ្ឋអាមេរិកនេះ។

លោកបានថ្លែងថា «យើងមានទំនុកចិត្តថាគោលដៅរបស់យើង អាចសម្រេចបានដោយការដឹកនាំរបស់ក្រុមការងារនៅកម្ពុជា ដែលពោរពេញដោយទេពកោសល្យជំនាញ និងបទពិសោធន៍ក្នុងឧស្សាហកម្មគ្រឿងសង្ហារិម នៅកម្ពុជា»

លោក Jason ជឿជាក់ថា ការបើកឲ្យដំណើរការសាខាទី៣នេះ នឹងជួយឲ្យមាននូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា Ashley Furniture Homestore ជាម៉ាកយីហោគ្រឿងសង្ហារិមដ៏ល្បីល្បាញ ជាម៉ាកលក់ដាច់ជាងគេបំផុតនៅអាមេរិក និងចែកចាយលក់ជាង ១៥៥ ប្រទេសនៅលើពិភពលោក។ ចំពោះម៉ូតឌីហ្សាញវិញ ស្អាតប្លែកពីគេដោយ Ashley មានម៉ូតឌីហ្សាញបែប American Lifestyle ស្អាតទាក់ភ្នែក ច្រើន Style នៃការឌីហ្សាញ គុណភាពគឺល្អ ជាមួយនឹងតម្លៃសមរម្យ សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។

Ashley Furniture Homestore បានចូលមកដល់កម្ពុជាដំបូងបំផុតនៅឆ្នាំ ២០១៧ ដោយបើកហាង២ សាខាក្នុងពេលតែ១ ដោយសាខាទី១ នៅលើបណ្ដោយផ្លូវមុន្នីវង្ស (ជិតស្តុបបូកគោ) និងសាខាទី ២ នៅខណ្ឌសែនសុខ លើមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី។ រហូតមកដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏សម្រេចបើកសាខាទី៣បន្ថែម ដែលមានទីតាំងនៅក្នុងផ្សាទំនើបជីបម៉ុង ២៧១ មេហ្គាលម៉ល៕