(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ទីតាំងបណ្តោះអាសន្ន) បានបើកបម្រើសេវាកម្មធនាគារជូនអតិថិជនទាំងអស់ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី (ក្នុងស្ថានីយ៍រថភ្លើង Royal Railway) ។ ជាមួយទីតាំងថ្មីនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារកាន់តែប្រសើរ រួមជាមួយទីតាំងធំទូលាយ និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬសេវាកម្មធនាគារនានា សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ដែលផ្ដល់ដោយបុគ្គលិកមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។

លើសពីនេះ អតិថិជន Premier ទាំងអស់ក៏នឹងទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារអាទិភាពជាមួយបន្ទប់រង់ចាំ (Premier Lounge) ដែលផ្តល់ជូននូវបរិយាកាសល្អបំផុត រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុផងដែរ។

លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានលើកឡើងថា «យើងបានផ្លាស់ប្តូរទីតាំងសាខាក្រមួនសនេះ ដើម្បីការចាប់ផ្តើមគម្រោងសាងសង់អគារជេ ត្រាស់ រ៉ូយ៉ាល់។ ទីតាំងបណ្ដោះអាសន្ននេះ ត្រូវបានជ្រើសរើសដើម្បីបំពេញតម្រូវការសេវាកម្មធនាគាររបស់អតិថិជនទាំងអស់ មិនថាតែសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល ឬតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងសាជីវកម្ម។ ឆ្លើយតបទៅនឹងកើនឡើងរបស់អតិថិជន និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគាត់ ទីតាំងថ្មីនេះផ្តល់នូវកន្លែងធំទូលាយជាងមុនអមជាមួយនឹងបរិយាកាសដ៏កក់ក្ដៅ ព្រមទាំងបន្ទប់រង់ចាំដែលមានលក្ខណៈឯកជន (Premier Lounge) រួមជាមួយសេវាកម្មប្រកបភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន។ បុគ្គលិករបស់ធនាគារបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតិថិជនគ្រប់រូប»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបញ្ជាក់ផងដែរថា «ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្តវិនិយោគលើផលិតផល និងបរិយាបន្នហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់។ ទន្ទឹមគ្នានេះដែរ គម្រោងសាងសង់អគារជេ ត្រាស់ រ៉ូយ៉ាល់ នេះ បង្ហាញនូវសក្ខីភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ ដើម្បីចូលរួម និងជម្រុញការអភិវឌ្ឍន៍នៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ស្របតាមស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

អគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងក្លាយជាអគារខ្ពស់មួយទៀតដែលនឹងផុសឡើងក្នុងរាជធានីភ្នំពេញ ស្ថិតតាមផ្លូវក្រមួនស ដែលគម្រោងសាងសង់នេះ ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២៧។

សូមជម្រាបថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕