(អាំស្ទើដាំ)៖ សហព័ន្ធបាល់ទាត់ហូឡង់ (KNVB) បានចេញសេចក្តីប្រកាសថា ពួកគេនឹងបោះបង់ការប្រកួត (abadon) ណាមួយភ្លាមៗ ប្រសិនបើមានរបស់របរចេញពីកន្លែងអង្គុយត្រូវចំកីឡាករ ឬអាជ្ញាកណ្តាល។

ក្នុងប្រកួតកាលពីរាត្រីថ្ងៃពុធនៃសប្តាហ៍នេះ ខ្សែបម្រើ Davy Klaassen បានរងរបួសបែកក្បាលពីការវាយប្រហារដោយអ្នកគាំទ្រ ក្នុងប្រកួតដែល Ajax យកឈ្នះគូប្រជែង Feyenoord ដោយលទ្ធផល ២ទល់នឹង១ នៃវគ្គ ៤ក្រុមចុងក្រោយពាន Dutch Cup ដែលបានធ្វើឲ្យការប្រកួតពន្យារពេលដល់ទៅជិត ៣០នាទីផងដែរ ជាមួយនឹងបុរសម្នាក់ត្រូវបានចាប់ខ្លួនទៀតផង។

ករណីនេះត្រូវបាន KNVB ចាត់ទុកថា «ជាទង្វើដែលមិនអាចលើកលែងឲ្យបាន។ ប្រការដែលមានរឿងនេះកើតឡើងទៀត អាជ្ញាកណ្តាល នឹងផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាមៗតែម្តង»

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលីសក៏បានធ្វើការឃាត់ខ្លួនមនុស្ស ២២នាក់ រួមទាំងបុរសវ័យ ៣២ឆ្នាំដែលបានគប់ត្រូវក្បាលអតីតកីឡាករ Everton ខាងលើទៀតផង។ Klaassen ត្រូវបានប្តូរចេញផងដែរ នៅពេលការប្រកួតត្រឡប់មកវិញ ដ្បិតក្រុមរបស់លោក Ajax ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Dutch Cup ទល់នឹង PSV Eindhoven នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ៕