(ភ្នំពេញ)៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦។

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Rosewood Phnom Penh ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធាននៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ព្រមទាំងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី រួមជាមួយវត្តមានកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ក្នុងកម្មវិធីចុះហត្ថលេខានេះថា «ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ហើយការចូលរួមចំណែកសហការឧបត្ថម្ភនេះគឺជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនទៅមុខជាបន្តទៀត។ កីឡាបាល់ទាត់មានភាពពេញនិយមខ្លាំងទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយគោលដៅចម្បងនៃការអភិវឌ្ឍវិស័យកីឡានេះ គឺមិនត្រឹមតែលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីរួមចំណែកកសាងប្រទេសតាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៌ផងដែរ»

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា «ការចូលរួមសហការនេះ គឺជាបេសកកម្មថ្មីរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា ចូលរួមលើកទឹកចិត្តដល់គ្រូបង្វឹក គណៈគ្រប់គ្រង ជាពិសេសក្រុមកីឡាករជម្រើសជាតិទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាពដើម្បីត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការប្រកួតសំខាន់ៗ នាពេលឆាប់ៗនេះ ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតជម្រុះ FIFA World Cup និងការប្រកួតជាច្រើនទៀតក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី។ យើងខ្ញុំសង្ឃឹមថាការចូលរួមឧបត្ថម្ភនេះនឹងធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជា កាន់តែលេចធ្លោ ខ្លាំងក្លា នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នានៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡាដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងការប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់»

លើសពីការចូលរួមចំណែកឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី តែងតែយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយវិស័យកីឡាជាច្រើនទៀតរួមមានទាំងវិស័យប្រដាល់គុនខ្មែរ កីឡាប៊ូល និងប៉េតង់ ហើយវឌ្ឍនៈ ប៊្រូវើរី ក៏ជាម្ចាស់ឧបត្ថម្ភធំផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រារព្ធនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន៕