(មេនឆេស្ទឺ)៖ កីឡាករ Christian Eriksen អាចនឹងបង្ហាញខ្លួនរបស់លោក ជាលើកដំបូង សម្រាប់ក្លិប Manchester United គិតចាប់តាំងពីខែមករាមក នៅពេលបិសាចក្រហមត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នៅថ្ងៃសៅរ៍ស្អែកនេះ។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

Eriksen មិនបានចូលរួមប្រកួតនោះទេ ចាប់តាំងពីឈ្នះពានរង្វាន់ FA Cup លើក្រុម Reading កាលពីចុងខែមករា ដោយសាររងរបួសកជើង នៅអំឡុងពេលប្រកួតនោះ។

ដោយសួរថាតើ Eriksen អាចវិលត្រឡប់ចូលក្រុមសម្រាប់ថ្ងៃប្រកួតប៉ះក្រុម Everton ឬយ៉ាងណានោះ លោក Ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Viaplay នៅប្រទេសដាណឺម៉ាកថា «យើងនឹងមើល។ យើងនឹងតាមដានពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកបន្តថា «គាត់កំពុងល្អប្រសើរ។ គាត់ទើបតែវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញក្នុងសប្តាហ៍នេះ។ យើងមានការហ្វឹកហាត់ ២លើក បន្ទាប់ពីនោះ យើងនឹងសម្រេចថាតើ គាត់អាចត្រឡប់ចូលលេងជាមួយក្រុមម្តងទៀតឬអត់»

​សូមជម្រាបថា Man United បានឈ្នះ៦៣.២ភាគរយ នៃការប្រកួតក្នុងក្របខណ្ឌ Premier League ដែល Eriksen បានបង្ហាញខ្លួន ក្នុងរដូវកាលនេះ ធៀបទៅនឹង ៤៤.៤ភាគរយនៃការប្រកួតទាំងនោះ ដែលលោកបានអវត្តមាន៕