(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចការចុះកិច្ចព្រមព្រៀងជាដៃសហការជាមួយម្ចាស់ឧបត្ថម្ភថ្មី គឺក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែលមានរយៈពេល ៣ឆ្នាំចាប់ពី២០២៣ រហូតដល់ឆ្នាំ២០២៦ ខណៈលោក សៅ សុខា ប្រធានសហព័ន្ធ លើកឡើងថា «នេះជាការចូលរួមចំណែកអភិវឌ្ឍន៏បាល់ទាត់កម្ពុជាឲ្យកាន់តែមានភាពរីកចំរើនទៅអនាគត។ ដែលការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនារសៀសថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

លោក សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី បានគូសបញ្ជាក់អំពីការចូលរួមឧបត្ថម្ភនេះផងដែរថា« ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ យើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាព ដែលបានក្លាយជាដៃគូ ឧបត្ថម្ភ ផ្លូវការ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរយៈពេលវែង 3ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៦ ដែលការចូលរួមចំណែកនេះ គឺដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។

លោកបន្តថា «ដោយឈរលើទស្សនៈវិស័យរបស់ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ក្នុងការចែករំលែកការជួបជុំ ភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយយើងជឿជាក់ថា កីឡានាំមកនូវសុខភាព មិត្តភាព ការជួបជុំ ភាពសប្បាយរីករាយ និងសាមគ្គីភាព ដែលទាំងអស់នេះ គឺដើរស្របនឹងឆន្ទៈរបស់ក្រុមហ៊ុនយើង ហើយភាពជាដៃគូនេះ នឹងនាំយកនូវភាពជោគជ័យមួយកម្រិតទៀតសម្រាប់វិស័យកីឡានៅម្ពុជា។

ហើយការចូលរួមចំណែកនេះ គឺជាបេសកកម្មថ្មី ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា ចូលរួមលើកទឹកចិត្តដល់គ្រូបង្វឹក គណៈគ្រប់គ្រង ជាពិសេសក្រុមកីឡាករជម្រើសជាតិទាំងអស់ ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការប្រកួតសំខាន់ៗ នាពេលឆាប់ៗនេះ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការប្រកួតជម្រុះ FIFA World Cup និងការប្រកួតជាច្រើនទៀត ក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី។

ខណៈនាយកប្រតិបត្តិដដែលបានសង្កត់ធ្ងន់នឹងដាក់ក្តីសង្ឃឹមថា «ការចូលរួមឧបត្ថម្ភនេះ នឹងឲ្យធ្វើវិស័យកីឡាបាល់ទាត់កម្ពុជា កាន់តែលេចធ្លោ ខ្លាំងក្លា នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជា ក្នុងប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់៕