(ភ្នំពេញ)៖ បទចម្រៀងដ៏អស្ចារ្យ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានមហាជនជាច្រើន លាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងមួយបទនេះ ក៏បានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗ របស់ខ្មែរជាច្រើនថែមទៀត។ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងពីមហាជនប៉ុណ្ណោះទេ បច្ចុប្បន្នបទនេះ ក៏កំពុងក្លាយជាបទចម្រៀងដ៏ពេញនិយម ដែលសិស្សសាលាស្ទើរទូទាំងប្រទេសយកទៅហាត់រាំត្រៀមសម្រាប់ថ្ងៃចូលឆ្នាំថ្មី ប្រណៃជាតិខាងមុខនេះ ថែមទៀត។

ជាក់ស្តែង នៅមុននេះបន្តិច សិស្សានុសិស្សនៅសាលា ប៊ែលធី អន្តរជាតិ ជាច្រើនអ្នក ក៏បានជ្រើសរើសយកបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ទៅហាត់រាំជុំគ្នា ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ តាមរយៈវីដេអូរបស់សិស្សសាលានេះ ក៏ទទួលបានការកោតសសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពីសមត្ថភាពរាំរបស់ពួកគេ ថាមានភាពស្រស់ស្អាត និងរស់រវើកផងដែរ។

សកម្មភាពជ្រើសរើសយក បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពីសំណាក់សិស្សានុសិស្ស ទៅសមត្រៀមចូលឆ្នាំថ្មី មិនមែនមានតែសាលាអន្តរជាតិ ប៊ែលធី អន្តរជាតិ នេះមួយប៉ុណ្ណោះទេ ពោលគឺគេសង្កេតឃើញស្ទើរតែទូទាំងប្រទេសកម្ពុជាទៅហើយ ដែលបានពេញចិត្តជ្រើសរើសយកបទចម្រៀងដ៏ផ្ទុះកក្រើកមួយបទនេះ ទៅរាំជាក្រុមនៅតាមសាលារៀនរបស់ពួកគេ។

ក្រៅពីសិស្សានុសិស្សយកចម្រៀងមួយបទនេះ ទៅហាត់ត្រៀមរាំចូលឆ្នាំហើយនោះ បទនេះ គេក៏សង្កេតឃើញមានបណ្តារអ្នកសិល្បៈជាច្រើនទៀតរាំតាមចង្វាក់បទនេះផងដែរ។ មិនតែប៉ុណ្ណោះ បទនេះ ក៏ត្រូវបានស្រ្តីជនជាតិថៃម្នាក់ យកទៅ Reaction និងសរសើរមិនដាច់ពីមាត់ ទាំងប្លង់ថត និងការបញ្ចូលជាមួយវប្បធម៌ ប្រពៃណី ក្បាច់គុណល្បុក្កតោ ក៏ដូចជាប្រាសាទនានា ដែលបង្ហាញពីអរិយធម៌ដ៏មានតម្លៃរបស់ខ្មែរថែមទៀត។

សូមរម្លឹកដែរថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីផលិតកម្ម Galaxy Navatra បានបញ្ចេញ trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» រួចមក ឃើញថាបទចម្រៀងមួយបទនេះ គឺបានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ហើយពិតជាមានមោទកភាព ដែលកើតមកជាជនជាតិខ្មែរ ម្យ៉ាងវិញទៀតសមិទ្ធផលដ៏កម្រនេះ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលសិល្បៈរស់ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។

បើតាមការឱ្យដឹងពីផលិតកម្ម Galaxy Navatra ធ្លាប់បានឱ្យដឹងថា បទនេះ ផលិតឡើងក្នុងគោល បំណង អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង ៤ ដួង ច្រៀងរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា ៕