(បរទេស)៖ អ្នកសាក់ជនជាតិដើមភាគតិចវ័យ ១០៦ឆ្នាំម្នាក់ គឺលោកយាយ Apo Whang-Od ត្រូវបានគេដាក់បង្ហាញនៅលើក្របទស្សនាវដ្តី Vogue ដែលបានធ្វើឲ្យលោកយាយ ក្លាយជាតារាលើគម្របទស្សនាវដ្តី ដែលមានវ័យចាស់ជាងគេបំផុត។ លោកយាយ​ហ្វីលីពីន​អាយុ ១០៦ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​បាន​ជួយ​រក្សា​ជីវិត​ទម្រង់​សិល្បៈ​មួយ​ដែល​គេ​ស្គាល់​ថា​ជា «batok»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

លោកយាយ Apo Whang-Od បានចាប់ផ្តើមធ្វើជាអ្នកចាក់សាក់តាំងពីអាយុ១៦ឆ្នាំ។ កន្លងទៅ អ្នកសាក់ពីដើមត្រូវបានគេឲ្យឈ្មោះថា «Mambabatok» ឬអ្នកសាក់បុរាណ «Kalinga» ខណៈលោកយាយ Whang-Od បានឲ្យ​មនុស្ស​ជំនាន់​ក្រោយមក​រៀនរបៀបចាក់សាក់ ដើម្បីជាការផ្ទេរ និងចែករំលែកចំណេះដឹង។ នេះ​បើ​តាមទស្សនាវដ្តី Vogue។

ទស្សនាវដ្តី Vogue Philippines បានសរសេរនៅលើ Instagram ថា «ត្រូវបានប្រកាសថាជា mambabatok ចុងក្រោយនៃជំនាន់របស់លោកយាយ, លោកយាយបានបោះត្រានិមិត្តសញ្ញានៃកុលសម្ព័ន្ធ Kalinga ដែលបង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងភាពស្រស់ស្អាត នៅលើស្បែករបស់មនុស្សរាប់ពាន់នាក់ ដែលបានធ្វើធម្មយាត្រាទៅកាន់ Buscalan»។ និពន្ធនាយកទស្សនាវដ្តី Bea Valdes បានប្រាប់ CNN ថាបុគ្គលិករបស់ Vogue មិនមានការបែងចែក ឬគិតគូរច្រើននោះទេ ក្នុងការសម្រេចចិត្តដាក់រូបលោកយាយ Whang-Od លើគម្របទស្សនាវដ្ដី។

គួរជម្រាបថា កាលពីឆ្នាំ២០២០ Judi Dench បានក្លាយជាតារាលើគម្របទស្សនាវដ្តី មានវ័យចាស់បំផុតរបស់ British Vogue ស្ថិតក្នុងអាយុ៨៥ឆ្នាំ។ ងាកមកលោកយាយ Whang-Od គ្រោងនឹងបន្តការសាក់រូបឲ្យបានយូរ តាមដែលអាចធ្វើទៅបានបន្តទៀត ដោយមិនបោះបង់អាជីពមួយនេះទេ ទោះមានវ័យ១០៦ឆ្នាំហើយក៏ដោយ៕