(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា «ទីលាននៅពហុកីឡដ្ឋានជាតិ សម្រេចបានស្ទើរទាំងស្រុង ដើម្បីធានាដល់ការប្រកួតស៊ីហ្គេម» បន្ទាប់ពីសម្តេចពិជ័យសេនា បានដឹកនាំគណៈកម្មាធិការជាតិ ចុះទៅត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិ ដែលជាទីតាំងត្រូវបម្រើដល់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ, នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

ស្ថិតក្នុងការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងថ្នាក់នាំជាន់ខ្ពស់ជាច្រើនរូបទៀត ហើយពហុកីឡដ្ឋានជាតិ ឬ ស្តាតអូឡាំពិកនេះ នឹងត្រូវបម្រើដល់ការប្រកួតចំនួន ៩ប្រភេទកីឡា ក្នុងនោះរួមមាន បាល់ទាត់បុរស (ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, សូហ្វតិន្នីស, លើកទម្ងន់ និងកីឡារាំ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ក្រោយការចុះត្រួតពិនិត្យនេះថា សម្តេច បានវាយតម្លៃថា ការងារជួសជុលទីលានប្រកួតនានា ក្នុងពហុកីឡដ្ឋានជាតិ បានសម្រេចស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះ។

សម្តេចពិជ័យសេនា មានប្រសាសន៍ថា៖ «ថ្ងៃនេះគណៈកម្មាធិការជាតិមានគោលការណ៍មួយដ៏សំខាន់ គឺយើងពិនិត្យទីលាន ដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ នៅជុំវិញអូឡាំពិករបស់យើង។ ជាក់ស្ដែងនៅទីនេះ គឺយើងមានភាពកក់ក្ដៅ ហើយក៏មានមោទនភាពចំពោះបណ្ដាទីតាំងទាំង ៩ប្រភេទកីឡា ដែលយើងបានពិនិត្យ ឃើញថា រៀបរយអស់ហើយ នៅសល់តែការតុបតែងមួយចំនួនឱ្យមានសោភ័ណភាពសមស្របទៅតាមតម្រូវការផ្នែកកីឡារបស់យើង ដែលយើងត្រូវប្រកួតពេលខាងមុខ»។

 

សម្តេចបន្តទៀតថា «នៅឡើយតែផ្នែកកីឡាកាយសម្ព័ន្ធ ដែលវាហាក់បីដូចជាមិនទាន់រួចរាល់ ១០០ភាគរយទេ ប៉ុន្តែយើងមើលតាមទំហំការងារ ដែលត្រូវបង្ហើយក៏មានភាពកក់ក្ដៅផងដែរ ដោយអាចធ្វើទាន់ អត់មានបញ្ហាអ្វីទេ គ្រាន់តែប្រក់ដំបូលពីលើរួចនិងមានការតុបតែងខាងក្នុង ដោយវាមិនមានភាពស្មុគស្មាញពេកទេ។ ជាមួយនឹងការបំពាក់គ្រឿងសម្ភារៈមួយចំនួន យើងបំពាក់តាមតម្រូវការប្រភេទកីឡានីមួយៗ គ្រឿងបំពាក់ក៏បានមកដល់ផងដែរ»។

 

សម្តេចពិជ័យ មានប្រសាសន៍សង្កត់ធ្ងន់ទៀតថា «ជារួម យើងមានភាពកក់ក្ដៅជាខ្លាំងជុំវិញទីតាំងទាំងប៉ុន្មាន ដែលយើងបានមកពិនិត្យជាក់ស្ដែង និងចូលទៅមើលតាមសហព័ន្ធនីមួយៗ ដែលត្រូវធ្វើការប្រកួតនៅទីនេះ រួមទាំងកន្លែងខ្លះយើងទាំងកន្លែងហាត់ កន្លែងខ្លះសម្រាប់ប្រកួតមែនទែន ហើយក៏ឈានទៅដល់ការប្រកួតផ្ដាច់ព្រ័ត្រជាដើម។ យើងបានពិនិត្យមើលហើយឃើញថា កិច្ចការងារនេះ បានដំណើរការបានល្អហើយ នៅសល់តិចតួចក្នុងពេលដែលខាងមុខនេះ ផ្នែកជំនាញនីមួយៗចូលតុបតែង ដែលសំខាន់បំផុតចូលតុបតែងឱ្យបានស្អាត»។

 

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍ជម្រាបជូននូវហេដ្ឋរចនាសម្ព័ន្ធកីឡាក្នុងពហុកីឡដ្ឋានជាតិ ទៀតផងដែរថា នឹងធានាបានសម្រាប់ការប្រកួតដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ, «និយាយរួម គឺរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធទីតាំងនៅកន្លែងនេះ យើងឃើញច្បាស់ ដោយបញ្ហាបារម្ភធំរបស់យើង គឺទីលានបាល់ទាត់នេះ ប៉ុន្តែឥឡូវនេះ ទីលានបាល់ទាត់បានហើយ ស្រេចបាច់ហើយ ទាំងស្មៅអី គឺធានាបច្ចេកទេសបាន ពិនិត្យហើយ គឺថាអត់មានបញ្ហាអីទេ ដូចជាកន្លែងបាល់ទះ ក៏ដូចគ្នាដែរ សរុបមែនទែនទីតាំងនៅជុំវិញស្តាតអូឡាំពិកយើងនេះ គឺបានដំណើរការ ដើម្បីឆ្លើយតបការប្រកួតប៉ុន្មានវិញ្ញាសានេះ គឺយើងអាចធានាបានហើយ»។ ប្រសាសន៍ទាំងស្រុងរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕