(បរទេស)៖ ក្រុមកិច្ចការពារអ្នកប្រើប្រាស់ប្រទេសព័រទុយហ្គាបានដាក់ពាក្យប្តឹងក្រុមហ៊ុនកម្សាន្តវីដេអូខ្លីៗ TikTok ពីបទអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ឆ្នាំចុះឈ្មោះចូលប្រើប្រាស់គណនី TikTok ដោយគ្មានការអនុញ្ញាតពីមាតាបិតា និងមិនបានអនុវត្តវិធានការដែលបានដាក់ចេញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

បណ្តឹងនេះបានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីអ្នកឃ្លាំមើលទិន្នន័យរបស់ចក្រភពអង់គ្លេសចាប់ផ្តើមផាកពិន័យ TikTok ចំនួន ១៥.៨១លានដុល្លារកាលពីពេលថ្មីៗនេះ ទាក់ទិននឹងការបំពានច្បាប់ការពារទិន្នន័យ រួមទាំងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារដោយគ្មានការយល់ពីឪពុកម្តាយ។ ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើងថា ប្រទេសចិនអាចខ្ចីដៃក្រុមហ៊ុនចិន ByteDance ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នោះ ប្រទេសសហភាពអឺរ៉ុបជាច្រើនរួមមាន អូស្រ្តាលី សហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានដាក់ចេញនូវវិធានការហាមឃាត់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលទាំងអស់ផងដែរ។

ក្រុមមិនរកប្រាក់ចំណេញសហភាពអឺរ៉ុប Ius Omibus ដែលមានមូលដ្ឋាននៅព័រទុយហ្គាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «TikTok ទទួលបានប្រាក់ចំណេញពីកុមារអាយុក្រោម ១៣ឆ្នាំ ដោយទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះពិសេសរបស់ពួកគេ» ដោយស្នើឱ្យតុលាការក្រុង Lisbon «បញ្ឈប់ការប្រព្រឹត្តិខុសច្បាប់» នឹងបញ្ជាឱ្យ TikTok ផ្តល់សំណងហិរញ្ញវត្ថុ ដល់អ្នកដែលរងផលប៉ះពាល់ពីការកេងប្រវ័ញនេះ។ Ius Omibus បានបន្តទៀតថា TikTok បានបញ្ចប់ដោយការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់កុមារ ដោយបំពានរដ្ឋធម្មនុញ្ញរបស់ប្រទេសព័រទុយហ្គាល់ បទបញ្ញាត្តិការពារទិន្នន័យទូទៅសហភាពអឺរ៉ុប និងច្បាប់អនុវត្តពាណិជ្ជកម្មអយុត្តិធម៌។ «TikTok បានដាក់ចេញការហាមឃាត់ការប្រើប្រាស់របស់កុមារដែលមានអាយុក្រោម ១៣ឆ្នាំ តែពួកគេមិនបានអនុវត្តនោះទេ»

ទាក់ទិននឹងបញ្ហានេះ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែបានប្រាប់កាសែតព័រទុយហ្គាល់ Publico នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការការពារអ្នកប្រើប្រាស់ និងទិន្នន័យរបស់ពួកគេគឺមានសារៈសំខាន់បំផុត»