(បរទេស)៖ អ្នករៀបចំ មហោស្រពភាពយន្ត Cannes បានឲ្យដឹងថា ភាពយន្តបែប Action លើកដំបូងរបស់ Johnny Depp ចាប់តាំងពីរឿងក្តីបរិហារកេរ្តិ៍ជាមួយអតីតភរិយា Amber Heard រួចមក ត្រូវបានជ្រើសរើសជាភាពយន្តបើកឆាក សម្រាប់កម្មវិធីមហោស្រពភាពយន្ត Cannes នៅខែក្រោយនេះ ដែលនឹងធ្វើឡើងក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

ខ្សែភាពយន្ដភាសាបារាំង ចំណងជើងថា  «Jeanne du Barry» ចូលរួមសម្តែងដោយអ្នកដឹកនាំរឿង Maïwenn Le Besco ដែលត្រូវបានគេស្គាល់ថា Maiwenn ក្នុងនាមជា Jeanne Becu នោះ ជាស្ត្រីដែលបានងើបពីភាពក្រីក្រមកក្នុងរង្វង់ស្តេច Louis XV ខណៈដែលតារាប្រុស Depp ដើរតួជាស្តេចនៅក្នុងខ្សែភាពយន្តនេះ។ ភាពយន្តនេះនឹងបញ្ចាំងជាសកលនៅមហោស្រពភាពយន្តទីក្រុងកាន នៅថ្ងៃទី១៦ ខែឧសភា ខាងមុខ។ 

គួរជម្រាបថា តារាសម្តែងប្រុសក្នុងរឿង «Pirates Of The Caribbean» ត្រូវបានគេដឹងថា បង្ហាញខ្លួនក្នុងខ្សែភាពយន្ត ឬកម្មវិធីទូរទស្សន៍នានាតិចតួចណាស់ ចាប់តាំងពីមានរឿងក្តីឡើងតុលាការផ្អើលអស់អ្នកគាំទ្រកាលពីឆ្នាំ២០២២មក។ តែយ៉ាងណា លោកបានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្ញើនៅក្នុងកម្មវិធី «MTV Video Music Awards» និងកម្មវិធីបង្ហាញម៉ូដ «Savage X Fenty» របស់ Rihanna នាពេលកន្លងមក៕