(ម៉ាឌ្រីត)៖ ក្លិប Real Madrid បានបំបាក់ក្រុម FC Barcelona ៤-០ ដោយត្រូវទៅជួបក្រុម Osasuna នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ Copa del Rey ដែលស្ថិតក្នុងជំនួបនេះកីឡាករ Karim Benzema រកបាន ៣គ្រាប់ម្នាក់ឯង។ ពេលវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

៤គ្រាប់របស់ក្លិប Real Madrid ធ្វើបានដោយកីឡាករ Vinicius Junior និងខ្សែប្រយុទ្ធបារាំង Benzema ដែលនេះជាលទ្ធផលសងសឹកមកវិញផងដែរ របស់ក្រុមដឹកនាំដោយលោក Carlo Ancelotti ក្រោយភ្លាត់ចាញ់ Barca ១-០ កាលជើងទី១ ក្នុងទឹកដីកីឡាដ្ឋាន Santiago Bernabeu។

រំលឹកផងថា សម្រាប់ពានរង្វាន់ Copa del Rey នេះ ក្រុមអធិរាជស Real Madrid ជាក្រុមធ្លាប់លើកពាននេះចុងក្រោយនៅរដូវកាល ២០១៣-១៤ ក្នុងចំណោមការឈ្នះបាន ១៩លើក, ខណៈក្រុម Osasuna ធ្លាប់បានត្រឹមជាជើងឯករងរដូវកាល ២០០៤-០៥។