(ស្វាយរៀង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានបន្តរៀបចំការជ្រើសរើសកម្មករនិយោជិតឱ្យចូលបម្រើការនៅតាមរោងចក្រ-សហគ្រាសចំនួន៤ ជាមួយនឹងឱកាសការងារជាង៥០០កន្លែងឯណោះ។ ការរៀបចំនេះធ្វើឡើងនៅទីតាំងសាលាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ការប្រកាសជ្រើសរើសនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់កម្មករ-កម្មការិនីរោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។

រោងចក្រ-សហគ្រាសទាំង៤ ដែលចូលរួមនោះរួមមាន៖ ក្រុមហ៊ុន ខាតថាយអឺរ ផលិតសំបកកង់ឡាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូ អិលស៊ី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា (CGTI)។ ជាលទ្ធផល កម្មករនិយោជិតជាច្រើនរយនាក់បានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន សហគ្រាស និងបានដាក់ពាក្យស្វែងរកការងារទៅតាមមុខជំនាញរៀងៗខ្លួន។

គួរបញ្ជាក់ថា ការរៀបចំវេទិកាការងារនេះគឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បកម្មករ-កម្មការិនីឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់កម្មករ-កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។

ព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរការងារខេត្តស្វាយរៀង និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសកម្មករ-កម្មការិនីដែលរស់នៅក្នុងខេត្តស្វាយរៀងទាំងមូល។

NEA នឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះនៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ ដើម្បីឲ្យកម្មករ-កម្មការិនីឆាប់ទទួលបានការងារ។ ដូច្នេះសូមកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារចូលរួមផ្ទាល់ដើម្បីដាក់ពាក្យនៅតាមរោងចក្រ សហគ្រាសដែលកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតនាពេលក្រោយទៀត សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ 017 46 74 23៕