(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។

ពិធីបើកការប្រកួតកីឡានេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម សរុបចំនួន ៧៥០ នាក់។

កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅទីលានបាត់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន១៨ ក្រុម និងមានកីឡាករសរុបចំនួន ៤៥០ នាក់ ដែលសុទ្ធសឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកខ្សាច់កណ្ដាល។

ក្នុងឱកាសនៃពិធីបើកការប្រកួតកីឡាននេះបណ្ឌិត កៅ ថាច បានរំលេចអំពីការយកចិត្តទុកដាក់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញណែនាំដល់ក្រុមការងារ ឱ្យរៀបចំបង្កើតក្រុមកីឡាយុវជននៅក្នុងឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឱ្យមានកម្មវិធីប្រកួតដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡា នៅស្រុកខ្សាច់កណ្ដាល ឱ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង។

បណ្ឌិត កៅ ថាច ក៏បានរំលឹកប្រវត្តិនៃវិស័យកីឡានៅកម្ពុជា ដែលមានជាយូរលង់មកហើយ ដោយមានប្រភេទកីឡាជាច្រើន ដូចជាគុនខ្មែរ ល្បុក្កតោ ជាដើម។ល។ ហើយបានធ្វើការអភិវឌ្ឍឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ លើកលែងតែក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការកសាងធនធានមនុស្ស និងការធ្វើកំណែទម្រង់នៃការប្រកួត។ល។ ដែលជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកសាងនូវសមិទ្ធផលដ៏ធំស្គឹមស្កៃ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។ នៅសល់តែ៣០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់យុវជន និងកីឡាករទាំងអស់ ចូលរួមតាមដាន និងទស្សនានូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ នៃការប្រកួតកីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយសម្តេចតេជោ សម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ អាចចូលរួមទស្សនាដោយសេរី និងទទួលបានសំបុត្រដោយមិនគិតថ្លៃ ក្នុងពិធីបើក-ពិធីបិទ និងរាល់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ក៏បានណែនាំដល់ប្អូនៗ និងក្មួយៗ ជាកីឡាករទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈនៃការប្រកួត ស្តាប់អាជ្ញាកណ្តាល និងត្រូវចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងពេលប្រកួត ចៀសវាងការឈ្លោះប្រកែកគ្នា និងស្មើគណៈកម្មការរៀបចំការប្រកួត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណា ដើម្បីឱ្យកម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ចៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

លោកបណ្ឌិតស្នើដល់ប្អូនៗ ក្មួយៗ និងសមាជិកបក្សទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕