(បរទេស)៖ កម្មវិធីព្យាករណ៍អាកាសធាតុ Apple Weather នៅលើ iPhone បានជួបបញ្ហាមិនដំណើរការព័ត៌មានទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

បញ្ហានេះបានកើតឡើងចំពោះអ្នកប្រើប្រាស់ទូទាំងពិភពលោកនៅថ្ងៃអង្គារ ទី០៤ ម្សិលមិញនេះ តែតាមរយៈការធ្វើបច្ចុប្បន្នភាពពី Apple នៅព្រឹកនេះបញ្ហាត្រូវបានដោះសា្រយ ប៉ុន្តែវាមិនមានភាពរលូនសម្រាប់អ្នកប្រើប្រាស់ទាំងអស់នោះទេ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលចូលទៅពិនិត្យមើលការព្យាករណ៍អាកាសធាតុអាចនឹងឃើញពាក្យថា «No Weather Data»។

យ៉ាងណាមិញបើយោងតាមគេហទំព័ររបស់ Apple បានបង្ហាញមានតែប្រទេសអាឡាស្កាតែមួយប៉ុណ្ណោះដែលជួបបញ្ហាដាច់ការព្យាករណ៍អាកាសធាតុ Apple Weather គឺដោយសារតែបញ្ហាភ្លៀង ប៉ុន្តែផ្ទុយទៅវិញបញ្ហានេះបានរីករាលដាលលើអ្នកប្រើប្រាស់ស្ទើតែទួទាំងពិភពលោក សូម្បីតែអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក៏ជួបប្រទះបញ្ហានេះផងដែរ។

គួរបញ្ជាក់ដែរថា បញ្ហាដាច់ការព្យាករណ៍អាកាសធាតុ ឬមិនបង្ហាញព័ត៌មាននេះ បានប៉ះពាល់ដល់អ្នកប្រើប្រាស់ឧបករណ៍របស់ Apple រួមមាន iOS, iPadOS, watchOS និង macOS ជាពិសេសនោះបញ្ហាចោទចំពោះអ្នកប្រើប្រាស់ដែលបានធ្វើបច្ចុប្បន្នទៅ iOS 16.4៕