(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវបានទម្លាក់តំណែងពី «តារាងមហាសេដ្ឋី» ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes ដោយលោកនឹងឈរនៅលេខរៀងបន្ទាប់ពីកំពូលមហាសេដ្ឋីលោក Bernard Arnault។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ Forbes ឥឡូវនេះ Musk គឺជាមហាសេដ្ឋីដែលមានបំផុតទីពីររបស់ពិភពលោកដែលទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៨០ពាន់លានដុល្លារ ដែលតិចជាងទ្រព្យសម្បត្តិកាលពីឆ្នាំ២០២២ កន្លងទៅរហូតដល់ទៅ ៣៩ពាន់លានដុល្លារឯណោះ។

ចំណាត់ថ្នាក់កំពូលនៅឆ្នាំនេះគឺ បានទៅប្រធានក្រុមហ៊ុនលក់ទំនិញប្រណិតរបស់បារាំង LVMH លោក Bernard Arnault ដែលទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងជាង ៥០ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលឈានដល់ទ្រព្យសម្បត្តិសរុបចំនួន ២១១ពាន់លានដុល្លារអាមេរិក។

នេះមិនមែនជាលើកទី១ ដែល Musk បានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីពិភពលោកនោះទេ ដោយកន្លងមក Musk និង Arnault តែងតែផ្លាស់ប្តូរកន្លែងគ្នា។ ទស្សនាវដ្តី Forbes បានពន្យល់ថា ទ្រព្យសម្បត្តិរបស់ Musk បានធ្លាក់ចុះដោយសារតែការទិញយក Twitter របស់លោកដែលមានតម្លៃ ៤៤ពាន់លានដុល្លារ នឹងត្រូវបានផ្តល់មូនិធិដោយភាគហ៊ុនរបស់ Tesla ដែលបានធ្វើឱ្យវិនិយោគិនជាច្រើនភ័យខ្លាច ហើយភាគហ៊ុនក៏ត្រូវបានធ្លាក់ចុះជាខ្លាំងកាលពីឆ្នាំមុន។

ទាក់ទិននឹងបញ្ហា Forbes បានបន្ថែមទៀតថា កន្លងមក Musk ក៏ធ្លាប់បានបង្ហោះសានៅលើ Twitter ដែលថាលោកនឹងមិនឈរនៅលេខរៀងកំពូលទៀតនោះទេ ចាប់តាំងពី Tesla ខាតបង់ស្ទើតែ ៥០ភាគរយចាប់តាំងពីការកាន់កាប់ Twitter របស់លោក៕

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ ភាគហ៊ុនរបស់ Tesla បានកើនឡើងវិញហើយ ប៉ុន្តែវាហាក់នៅមានកម្រិតបើធៀបទៅនឹងក្រុមហ៊ុនមួយទៀតរបស់ Musk គឺ SpaceX ដោយចាប់តាំងពីការវាយតម្លៃពីមុនរហូតមកដល់ពេលនេះបានកើនឡើងខ្លាំងពី ១៣ពាន់លានដុល្លារ ដល់ ១៤០ពាន់លានដុល្លារ។ ខណៈចំណូលពីក្រុមហ៊ុនទាំងពីរនេះត្រូវបាន Musk យកទៅទប់ចំណាយនៅ Twitter៕