(ក្រុងឡុងដ៍)៖ កីឡាករប្រដាល់សកលអង់គ្លេស Amir Khan ត្រូវបានជាប់បម្រាមរយៈពេល ២ឆ្នាំ ក្រោយពេលរកឃើញបានប្រើប្រាស់សារធាតុលើកកម្លាំង ក្នុងអំឡុងប្រកួតទល់នឹង Kell Brook កាលខែកុម្ភៈ ឆ្នាំ២០២២ មក។

ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅសង្វៀន Manchester Arena នៅពេល Khan បានសុំចុះចាញ់ត្រឹមទឹកទី៦ ដោយមិនអាចតស៊ូបានក្រោមកណ្តាប់ដៃរបស់ Kell Brook នោះ។

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោកខាងលើនេះ បានតេស្តវិជ្ជមានសម្រាប់សារធាតុ Ostarine ស្របពេល Khan ដែលបានប្រកាសចូលនិវត្តន៍ពីប្រដាល់ឈឺសាច់នាខែឧសភា ឆ្នាំ២០២២ នោះបានទទួលស្គាល់ការពិតនេះ ប៉ុន្តែថា វាពុំមែនជាចេតនានោះទេ។

សាលាក្តីឯករាជ្យមួយ ក៏បានទទួលយកនូវការប្រព្រឹត្តខុសរបស់កីឡាករវ័យ ៣៦ឆ្នាំនោះដែរ ដ្បិតកន្លងមកគេហទំព័រប្រឆាំងគ្រឿងញៀនអង់គ្លេស (Ukad) ធ្លាប់បានចុះផ្សាយថា សារធាតុ Osterine គឺជាថ្នាំម្យ៉ាងដែលត្រូវបានគេផលិតឡើងស្រដៀងទៅនឹងអ័រម៉ូនតេស្តូស្តេរ៉ូនដែរ។

កាលខែតុលា ឆ្នាំ២០២២ កីឡាកររត់ប្រណាំងអង់គ្លេស CJ Ujah ក៏ត្រូវបានជាប់បម្រាមរយៈពេល ២២ខែផងដែរ បន្ទាប់ពីតេស្តវិជ្ជមានសារធាតុញៀន ២ករណីផ្សេងគ្នា ក្នុងនោះក៏មាន Ostarine ផងដែរកាលនៅ Tokyo Olympics ប្រទេសជប៉ុន៕