(កូរ៉េ)៖ កិច្ចសន្យាការងាររវាងក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ជាមួយផលិតកម្ម YG ត្រូវបានគេដឹងថា នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ខាងមុខ ហើយអ្នកនៅក្នុងឧស្សាហកម្ម K-Pop ក៏ដូចជាអ្នកគាំទ្រ ជឿជាក់ថា សមាជិកទាំងបួននាក់ក្នុងក្រុមនេះ នឹងសម្រេចចិត្តបន្តកិច្ចសន្យានៅជាមួយ YG ខណៈប្រជាប្រិយភាពរបស់ពួកគេ កំពុងតែល្បីល្បាញខ្លាំងឡើងៗជាលំដាប់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ផ្តាច់មុខពី Star News សមាជិកក្រុម BLACKPINK ទាំងបួននាក់ (Jennie, Jisoo, Rosé, Lisa) បច្ចុប្បន្នកំពុងមានបំណងបន្តកុងត្រាជាមួយ YG Entertainment នៅពេលដែលកុងត្រារបស់ពួកគេ ផុតកំណត់នៅក្នុងខែសីហា ឆ្នាំ២០២៣។ សមាជិកទាំងបួននាក់ត្រូវបានគេជឿថា ចង់រក្សាទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេជាមួយផលិតកម្ម YG Entertainment ប៉ុន្តែមិនមានហេតុផលជាក់លាក់ណាមួយ ត្រូវបានបញ្ជាក់នោះទេ។

បច្ចុប្បន្ននេះ BLACKPINK កំពុងរៀបចំដំណើរតន្រ្តីទេសចរណ៍ពិភពលោកដ៏ធំបំផុត ក្នុងចំណោមក្រុមតារាស្រី K-Pop ទាំងអស់ ដែលនឹងទៅទីក្រុងចំនួន៣២ ជុំវិញពិភពលោកសម្រាប់កម្មវិធីសរុបចំនួន៥៧។ ពួកគេក៏នឹងចូលរួមក្នុងកម្មវិធី «Coachella» នៅក្នុងខែមេសា និងពិធីបុណ្យ Hyde Park Summer នៅចក្រភពអង់គ្លេសក្នុងខែកក្កដាផងដែរ។ ជុំវិញបញ្ហានេះ YG Entertainment មិន​បាន​ឆ្លើយតប​នឹង​របាយការណ៍​របស់ Star News នោះទេ៕