(ភ្នំពេញ)៖ ស្ថិតក្នុងគោលបំណង អបអរនិងផ្សព្វផ្សាយគម្រប់ខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹងមកដល់នាពេលឆាប់ៗនេះ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានចូលរួមសហការ ឧបត្ថម្ភនៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត រត់ និងជិះកង់» ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណឧទ្យានអង្គរ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានថ្លែងថា៖ «កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ ដូច្នេះក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយ ព្រឹតិ្តការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)»

ព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យ ចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពល ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរនេះ តម្រូវឱ្យទិញសំបុត្រក្នុងការចូលរួម។ ថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ១០០%។

រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែក និងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារនឹងជួយសម្រួល ផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងនោះមានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម៕