(បរទេស)៖ រដ្ឋាភិបាលអូស្រ្តាលីនឹងដកកម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ចេញពីឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធទាំងអស់ ជុំវិញការព្រួយបារម្មអំពីសុវត្ថិភាព ខណៈអូស្តា្រលីនឹងក្លាយជាប្រទេសសម្ព័ន្ធមិត្តចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមសកម្មភាពប្រឆាំងនឹងកម្មវិធីដែលគ្រប់គ្រងដោយចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

ការផ្លាស់ប្តូរនេះបានគូសបញ្ជាក់អំពីការព្រួយបារម្មកាន់តែខ្លាំងឡើងថារដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងដែលជាកម្មសិទ្ធ ByteDance Ltd ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួន ដែលអាចបំផ្លាញផលប្រយោជន៍សន្តិសុខលោកខាងលិច។ ទាំងនេះត្រូវបានគេលើកឡើងថា វាទំនងជាប្រថុយនឹងភាពតានតឹងកាទូតជាថ្មីរវាងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី និងទីក្រុងប៉េកាំង ប្រទេសចិនបន្ទាប់ពីរដ្ឋាភិបាលការងារដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese បានវិលមកកាន់តំណែងវិញ។

បើតាមមេធាវីកំពូលលោក Mark Dreyfus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមប្រាមនេះនឹងចូលជាធរមាន «ឱ្យបានឆាប់តាមដែលអាចអនុវត្តបាន» ដោយបន្ថែមថា ការលើកលែងនឹងត្រូវបានផ្តល់ឱ្យតែលើករណីនីមួយៗ និងជាមួយនឹងវិធានការសន្តិសុខសមស្រប។

ជាមួយនឹងការហាមប្រាមរបស់ប្រទេសអូស្ត្រាលី សមាជិកទាំងអស់នៃបណ្តាញចែករំលែកការស៊ើបការណ៍សម្ងាត់ Five Eyes ដែលរួមមានអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនូវែលសេឡង់ បានហាមឃាត់កម្មវិធីនេះពីឧបករណ៍របស់រដ្ឋាភិបាលរួចទៅហើយ។ ចំណែកឯ ប្រទេសបារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុប ក៏បានប្រកាសហាមប្រាមស្រដៀងគ្នានេះផងដែរ។

បើយោងតាមការផ្តល់សក្ខីកម្មរបស់នាយកប្រតិបត្តិ (CEO) TikTok លោក Shou Zi Chew បានអះអាងថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនមែនជាកម្មសិទ្ធិ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពណាមួយរបស់ចិននោះទេ ប៉ុន្តែការអះអាងនេះហាក់មិនបានផ្តល់ទំនុកចិត្តឱ្យបណ្តាលសមាជិកសហភាពអឺរ៉ុបនោះទេ ផ្ទុយទៅគេកាន់តែរកវិធីរឹតបន្តឹងកាន់តែខ្លាំងឡើង៕