(បរទេស)៖ Moana គឺជាប្រភេទភាពយន្តបែបតុក្កតា ចុងក្រោយរបស់ផលិតកម្ម Disney ក្នុងឆ្នាំ២០១៦ ខណៈបច្ចុប្បន្ននេះកំពុងតែត្រូវបានផលិតឡើងវិញ។ នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger និងតារាសម្តែង Dwayne Johnson បានប្រកាសពីការផលិតខ្សែភាពយន្តនេះដោយផ្ទាល់ នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

បើតាម The Hollywood Reporter បានឲ្យដឹងថា Johnson ​នឹង​សម្តែង​ជា​តួ Maui វិញ ហើយ​ក៏​នឹង​ផលិត​រឿង​នេះឡើងវិញ​ដែរ ខណៈដែល​អ្នក​ដឹក​នាំ​រឿង មិនទាន់ប្រកាស​នៅ​ឡើយ​។ អ្នកនិពន្ធរឿងដើម Jared Bush ត្រូវបានគេរំពឹងថា នឹងសរសេររឿងជាមួយ Dana Ledoux Miller។ តួសម្តែងពេញលេញមិនត្រូវបានប្រកាសទេ ប៉ុន្តែតារាសម្តែង Auli'i Cravalho ត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញ។ នេះបើយោងតាម ​​Deadline។

រឿង «Moana» ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថា នៅក្នុងស្រុក ឬក៏ក្រៅស្រុកឡើយ ដោយមានបុគ្គលល្បីៗជាច្រើននិយាយពីរឿងនេះ មិនដាច់ពីមាត់ថា ជារឿងមួយដែលខុសពីរឿងតុក្កតាផ្សេងៗទៀត វាបង្កប់ទៅដោយអត្ថន័យអប់រំ និងលើកទឹកចិត្តជាច្រើន។ លើសពីនេះទៅទៀត ការផលិតចេញជារឿងនេះមួយ ត្រូវបានឆ្លងកាត់ការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងាររបស់ផលិតកម្ម Disney៕