(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពអង់គ្លេស Premier League បានចំណាយអស់ប្រាក់ប្រមាណ ៣២០លានផោន (ស្មើនឹង ៣៩៥លានដុល្លារ) នារដូវកាលមុន ទៅលើភ្នាក់ងារចរចាដោះដូរកីឡាករ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយសមាគម FA នៅថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣។

តាមរយៈគេហទំព័រកីឡា BBC បានឲ្យដឹងថា ការចំណាយក្បែរ ៣២០លានផោនខាងលើនេះ គឺនៅអំឡុងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដែលជាទិន្នន័យថ្មីត្រូវបានបង្ហាញដោយសមាគមបាល់ទាត់អង់គ្លេស FA ដែលមានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ ២៧២.៦លានផោនតែប៉ុណ្ណោះ។

ក្នុងនោះដែរ ក៏រាប់បញ្ចូលទាំងក្លិបមេឃខៀវ Manchester City ដែលបានចំណាយប្រាក់ជិត ៥១.៥៦លានផោនទៅលើភ្នាក់ងារទិញ-លក់ ក្នុងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអន្តរជាតិន័រវេស Erling Braut Haaland ទៀតផង។

លើសពីនេះទៀត Man City ក៏បានចំណាយលុយ ៥១.២លានផោនទៀត ដើម្បីទិញផ្តាច់កិច្ចសន្យា Haaland ពីក្លិប Borussia Dortmund ជាមួយនឹងថ្លៃសេវា និងប្រាក់ខែភ្នាក់ងារដ៏ច្រើនសន្ធឹកសន្ធាប់ទៀតដែរ ដ្បិតគូប្រជែងនៅ Premier League ផ្សេងៗទៀតមានដូចជា Chelsea, Burnley, Nottingham Forest, Liverpool និង Manchester United ក៏ត្រូវបាន FA ចាត់ទុកថា បានចំណាយទៅលើភ្នាក់ងារច្រើនដែរ។

ជាធម្មតា FA ត្រូវបានទាមទារឲ្យបង្ហាញពីទិន្នន័យផ្សេងៗពីការចាយវាយ ដែលជាបញ្ញត្តិស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មានចាប់តាំងពីឆ្នាំ២០១៥ មក។ របាយការណ៍លំអិតចេញផ្សាយដោយ FA គឺក្តោបក្តាប់ចាប់ពីរដូវកាលឆ្នាំ២០១៥-២០១៦ ដោយបានបង្ហាញថា ក្លិបលេងនៅ Premier League បានចាយលុយទៅលើភ្នាក់ងារក្រោម ៤៧លានផោន (ស្មើនឹង ៥៨លានដុល្លារ) តែប៉ុណ្ណោះ៕