(គីវ)៖ អត្តពលិកអ៊ុយក្រែន នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួត ក្នុងវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍ Paris Olympics ឆ្នាំ២០២៤ នោះទេ ប្រសិនបើពួកគេត្រូវប្រកួតជាមួយអត្តពលិករុស្ស៊ី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃខុទ្ទកាល័យរដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleh Nemchinov ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

លោក Oleh Nemchinov ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានសំណើ ពីរដ្ឋមន្ត្រីកីឡា លោក Vadym Huttsait ហើយថាសហព័ន្ធកីឡាជាតិ ដែលមិនអនុវត្តតាមបទបញ្ជានេះ នឹងត្រូវទទួលទណ្ឌកម្ម។ លោក Huttsait ក៏ជាប្រធានគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែនផងដែរ។

គណៈកម្មាធិការអូឡាំពិកអន្តជាតិ (IOC) បានចេញសេចក្តីណែនាំកាលពីថ្ងៃអង្គារ សម្រាប់ការវិលត្រឡប់មកវិញជាបណ្តើរៗ ទៅកាន់ការប្រកួតអន្តរជាតិ សម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងនាមជាអព្យាក្រឹត។

អត្តពលិកមកពីប្រទេសទាំងពីរ ត្រូវបានហាមឃាត់ពីការប្រកួតកីឡាអន្តរជាតិថ្នាក់កំពូលភាគច្រើន ចាប់តាំងពីខែមីនាឆ្នាំមុន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស»