(បាសេឡូណា)៖ ក្លិបអេស្ប៉ាញ FC Barcelona កំពុងទាក់ទងជាមួយកីឡាករ Lionel Messi និងចង់ឲ្យតារាបាល់ទាត់អាហ្សង់ទីនរូបនេះ សម្រេចក្តីសុបិនក្នុងការវិលត្រឡប់មកលេងនៅកីឡដ្ឋាន Camp Nou វិញ។ នេះបើតាមសម្តីអនុប្រធានក្លិបលោក Rafael Yuste ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

Messi កំពុងស្ថិតនៅប៉ុន្មានខែចុងក្រោយ នៃកិច្ចសន្យារយៈពេល ២ឆ្នាំរបស់លោក ជាមួយក្លិបបារាំង Paris Saint-Germain ដែលលោកបានចូលរួមលេងនៅលីគកំពូលបារាំង Ligue 1 នេះ នៅពេលដែលវិបត្តិហិរញ្ញវត្ថុ បានបង្ខំឲ្យរូបលោកចាកចេញពីក្លិប Barca ក្នុងឆ្នាំ២០២១។

កីឡាករលើកពានរង្វាន់ World Cup រូបនេះ បានរកគ្រាប់បាល់ ១៨គ្រាប់ និងបញ្ជូនបាល់បាន ១៧គ្រាប់ ក្នុងរដូវកាលនេះ ប៉ុន្តែជាមួយនឹង PSG ធ្លាក់ចេញពី Champions League បានបង្កមន្ទិលសង្ស័យ នៃការព្រួយបារម្ភអំពីអនាគតរបស់លោក នៅក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានីបារាំងមួយនេះ។

ការវិលត្រឡប់មកវិញរបស់ Messi អាចធ្វើទៅបាន ដោយពឹងផ្អែកលើលទ្ធភាពរបស់ Barca ក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ ជាមួយនឹងប្រធានលីគ La Liga លោក Javier Tebas បានអះអាងថា Barca ត្រូវតែសន្សំប្រាក់ ២០០លានអឺរ៉ូ ដើម្បីបំពេញតាមបទប្បញ្ញត្តិរបស់ការប្រកួត សម្រាប់រដូវកាលក្រោយ។

ប្រសិនបើការសន្សំចាំបាច់អាចធ្វើទៅបាននោះ លោក Yuste ជឿជាក់ថា ការផ្ទេរកីឡាករ Messi នឹងអាចធ្វើទៅបាន៕