(កំពង់ស្ពឺ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ឬ NagaWorld Kind Hearts ដែលជាផ្នែកការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលសហការជាមួយ Beyond The Games (BTG) បានរៀបចំទិវាគ្រួសារ ក្នុងខេត្តកំពង់ស្ពឺ ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា នៅឯកីឡដ្ឋានកំពង់ស្ពឺ ដែលទើបនឹងសម្ពោធថ្មីៗ។

គោលបំណងនៃទិវានេះ មានគោលបំណងជួយផ្សព្វផ្សាយព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជា នឹងរៀបចំឡើងលើកដំបូង ក្នុងខែឧសភា ឆ្នាំ២០២៣ ដែលផ្តល់ជូននូវសកម្មភាពសប្បាយៗ និងល្បែងកម្សាន្តបែបអប់រំ ពាក់ព័ន្ធនឹងការអភិរក្សបរិស្ថាន និងកីឡាដ៏សម្បូរបែប។

ទិវាគ្រួសារដ៏សប្បាយរីករាយនេះ ត្រូវបានចូលរួមជាភ្ញៀវកិត្តិយសដោយលោក សរ សុពុត្រា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្តកំពង់ស្ពឺ លោក ទឹម ផានូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងច្បារមន និងជាអភិបាលក្រុងច្បារមន មន្ត្រីតំណាងមកពីយុទ្ធនាការ Beyond The Games បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្លិបបាល់ទាត់ណាហ្គាវើលដ៍។ មានអ្នកចូលរួមប្រមាណ ១.៥០០ នាក់បានចូលរួមក្នុងទិវាគ្រួសារដែលរួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។

ក្នុងទិវានេះ ក៏មានបុគ្គលិកណាហ្គាវើលដ៍ជាង ៣០នាក់ បានចំណាយពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្ត ដើម្បីជួយរៀបចំស្តង់ សម្របសម្រួលការលេងហ្គេមរបស់អ្នកចូលរួម និងបង្កើនទំនាក់ទំនង ជាមួយអ្នកចូលរួមផងដែរ។

កីឡដ្ឋានកំពង់ស្ពឺ ដែលទើបនឹងសម្ពោធថ្មីៗនេះ ត្រូវបានកសាងឡើងស្របតាមស្តង់ដារអន្តរជាតិ និងអាចផ្ទុកអ្នកទស្សនាបាន ៣,០០០នាក់។ កីឡដ្ឋាននេះ ក៏ជាកីឡដ្ឋានក្នុងទឹកដី របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ផងដែរ។ សម្រាប់ទិវាគ្រួសារនេះ កីឡដ្ឋាននេះ ត្រូវបានបែងចែកជា ៣ ផ្នែកដែលសាធារណជន អាចលេងល្បែងកម្សាន្តជាច្រើនប្រភេទ។

នៅផ្នែកស្តង់ណាហ្គាវើលដ៍បេះដូងសប្បុរស មានហ្គេមអប់រំបែបបរិស្ថាន ពាក់ព័ន្ធនឹងការកែច្នៃឡើងវិញ និងការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ សកម្មភាពមួយទៀត គឺអ្នកចូលរួមអាចឧបត្ថម្ភកូនឈើ ដើម្បីក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសយកទៅដាំ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។

កូនឈើសរុបប្រមាណ ១១០ ដើមត្រូវបានឧបត្ថម្ភនៅចុងបញ្ចប់នៃទិវាគ្រួសារ ហើយដើមឈើទាំងនេះនឹងត្រូវយកដាំដោយមានដាក់ឈ្មោះអ្នកឧបត្ថម្ភទៀតផង។ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានដាក់តាំងបង្ហាញសកម្មភាព ៩ ឆ្នាំចុងក្រោយ និងពានរង្វាន់ Stevie ដ៏មានកិត្យានុភាពដែលពួកគេបានឈ្នះ រួមទាំងពានរង្វាន់ Stevie មាសប្រចាំប្រទេសកម្ពុជាតែមួយគត់ ដែលពួកគេទទួលបានក្នុងឆ្នាំ២០២១ ផងដែរ។

ពានរង្វាន់ Stevie ត្រូវបានចាត់ទុកថា ជាពានរង្វាន់ Oscar ក្នុងវិស័យធុរកិច្ច ដែលទទួលស្គាល់សកម្មភាព សង្គមឆ្នើមលក្ខណៈអន្តរជាតិ។ អ្នកចូលរួមជាច្រើន ក៏បានថតរូបជាមួយពានរង្វាន់ Stevie ដ៏ធំនេះទុកជាអនុស្សាវរីយ៍ផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា «យើងមានកិត្តិយសដែលបានសហការជាមួយ Beyond The Games រៀបចំទិវាគ្រួសារដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជារំភើបរីករាយចំពោះវត្តមានដ៏ច្រើនកុះកររបស់អ្នកចូលរួម ហើយសង្ឃឹមថា អ្នកចូលរួម នឹងទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗដែលបង្ហាញអំពីការចេះសាមគ្គីគ្នា និងលើកស្ទួយកិត្តិសព្ទប្រទេសកម្ពុជាបង្ហាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅតាមសហគមន៍»

គួរបញ្ជាក់ថា យុទ្ធនាការ Beyond The Games ត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទទួលខុសត្រូវការលើកស្ទួយ និងចែករំលែកព័ត៌មានអំពីការធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីរបស់កម្ពុជា។

ក្នុងទិវាគ្រួសារនេះ មានល្បែងកម្សាន្តសប្បាយៗ និងហ្គេមដែលបង្កប់ន័យអប់រំជាច្រើន ដូចជា ហ្គេមពាក់ព័ន្ធនឹងបរិស្ថាន ការស៊ុតបាល់បញ្ចូលទី ការត្រែះបាល់ ជាដើមដែលអ្នកឈ្នះទទួលបានរង្វាន់ផងដែរ។ អ្នកចូលរួម ក៏បានជួយបត់ក្រដាសរាងបេះដូងដើម្បីជួយ BTG ឲ្យទទួលបានក្រដាសរាងបេះដូងចំនួន ១លាន ដើម្បីបំបែកឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។

គ្រូបង្គោលនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍លោក ឃឹម បូរី ខ្សែប្រយុទ្ធឆ្នើមលោក គួច សុកុម្ភៈ និងកីឡាករជាច្រើនទៀត ក៏មានវត្តមាននៅទីនោះ ដើម្បីជួបស្វាគមន៍ និងលេងហ្គេមបាល់ទាត់ ដូចជា ស៊ុតបាល់បញ្ចូលទី ត្រែបាល់ និងទាត់ដោយសេរីជាមួយអ្នកគាំទ្រផងដែរ។ អ្នកឈ្នះពីការលេងហ្គេម ទទួលបានអាវ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ពីក្លិបបាល់ទាត់ណាហ្គាវើលដ៍៕