(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor Co បោះទុនវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាលើកដំបូងជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប ៤.៥ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រកែច្នៃនីកែលក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ប្រភពខាងលើបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Ford បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាមួយជាមួយក្រុមហ៊ុន PT Vale Indonesia និង ក្រុមហ៊ុន Zhejiang Huayou Cobalt របស់ចិន ដែលមានតម្លៃសរុប ៤.៥ពាន់លានដុល្លារ។

ខណៈការវិនិយោគនេះត្រូវបានគេឱ្យដឹងថា ជាលើកដំបូងបំផុតរបស់ Ford ដែលបានឈានជើងចូលប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានទុនបំរុងនីកែលដ៏ធំបំផុតនៅលើពិភពលោក។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា រោងចក្រនេះទំនងជាសាងសង់រួចរាល់នៅឆ្នាំ២០២៦ ខាងមុខនេះ ដោយរាល់ប្រតិបត្តិការត្រូវបានក្រុមហ៊ុន Vale និង Huayou បានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២២មកម្លេះ។

លោក Christopher Smith ប្រធានផ្នែកកិច្ចការរដ្ឋាភិបាលរបស់ Ford បាននិយាយនៅឯពិធីចុះហត្ថលេខាថា «ការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Ford អាចធានាបានថា នីកែលដែលយើងប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនីជាប្រភេទរ៉ែដែលត្រូវបានជីកយកពិតៗ និងត្រូវបានផលិតក្នុងស្តង់ដារ ESG ដូចគ្នាជាផ្នែកនៃអាជីវកម្មរបស់យើងនៅជុំវិញពិភពលោក»