(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩រូបទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានរយៈពេល ១ខែ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះ ធ្វើឡើងពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ដោយមានគ្រូបង្វឹក ៣រូប កីឡាករ ១១រូប និងកីឡការិនី ៥រូប ហើយមុនចេញដំណើរ ក៏មានជំនួបសំណេះសំណាល និងមតិផ្ដាំផ្ញើពីប្រធានសហព័ន្ធលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ក៏ដូចជាអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត ជាដើម។

ក្នុងនាមសហព័ន្ធ លោក ខេស៊ី បាណេត បានផ្ដល់ការលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ពិសេសលោកបានផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម និងដណ្ដើមមេដាយជូនជាតិ។ លើសពីនេះ ក៏មានការឧបត្ថម្ភថវិកាដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៨,៥០០ដុល្លារផងដែរ៕