(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងឥដ្ឋផ្នែកខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង។

ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹកនិងពពួកសត្វល្អិតផ្សេងៗ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ដែលមានអាយុកាលជាង១២០០ឆ្នាំមួយនេះឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕