(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្ដបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវបង់ក្លាដែស ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅរាត្រីថ្ងៃទី២២ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជំនួបដ៏ជក់ចិត្តនេះ បង់ក្លាដែស បានស៊ុតបំប៉ោងសំណាញ់ទីក្រុមគោព្រៃកម្ពុជា ១គ្រាប់មុន នៅនាទី២៣ ដោយកីឡាករ Rakib Hossain ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បន្ទាប់ពីកម្ពុជា បានព្យាយាមវាយបក ជាមួយការបង្កើតឱកាសល្អៗជាច្រើនលើក តែធ្វើមិនបានសម្រេច ។

ការបរាជ័យនេះ ដូចគ្នាទៅនឹងកាលពីដើមឆ្នាំ២០១៩ ដែលក្រុមជម្រើសជាតិកម្ពុជា ក៏បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវបង់ក្លាដែសនេះដែរ ៕