(កំពង់ចាម)៖ និស្សិតចំនួន ១,២៦២នាក់នៃសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ពិធីនេះត្រូវបានរៀបចំនៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀត។

លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន បានលើកឡើងថា អស់រយៈពេលជិត២០ឆ្នាំមកនេះ សាកលវិទ្យាលវេស្ទើនបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បង ដោយទទួលបាននូវការវាយតម្លៃខ្ពស់ពីស្ថាប័នជាតិនិងអន្តរជាតិអំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការជាមួយសាកលវិទ្យានានាលើសកលលោក ពិសេសថ្មីៗនេះសាកលវិទ្យាល័យវេស្ទើនបានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យយ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំនិងល្បីល្បាយនៅសាធារណរដ្ឋកូរ៉េ លើជំនាញចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករនៅតាមទីជនបទក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព ត្រូវផ្តល់អាទិភាពលើការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ក្នុងនោះត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ ទាំងស្ថាប័នរដ្ឋ និងឯកជន ដោយត្រូវពង្រឹងទាំងបរិមាណ និងគុណភាពសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ និងមធ្យោបាយនានាដែលត្រូវការដើម្បីពង្រឹងនិងពង្រីកវិស័យអប់រំប្រកបដោយគុណភាពខ្ពស់។

ដោយឈរលើទស្សនវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំណាយថវិកាជាតិ និងកៀរគរថវិកាសប្បុរសជនរាប់ពាន់លានដុល្លារវិនិយោគក្នុងវិស័យអប់រំនេះ ដើម្បីឱ្យយុវជនដែលរៀនចប់គ្រប់កម្រិត មានទាំងចំណេះដឹង និងចំណេះធ្វើ មានការងារធ្វើជួយខ្លួនឯង ជួយក្រុមគ្រួសារ សហគមន៍ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕