(សូឡូ)៖ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវមោទកភាព ចំពោះភាពជោគជ័យជាបន្ដបន្ទាប់របស់ក្រុមអត្តពលិកជនពិការកម្ពុជា ក្នុងការប្រកួតដ៏ស្វិតស្វាញ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ការលើកឡើងនេះ ស្របពេលលោកកំពុងស្ថិតនៅទីក្រុងសូឡូផ្ទាល់ ដើម្បីដឹកនាំ គាំទ្រ លើកទឹកចិត្ត និងអបអរសាទរដល់កីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ខណៈគិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៤គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៤ ហើយនៅមានវិញ្ញាសាជាច្រើនទៀត ដែលត្រៀមធ្វើការប្រកួតជាបន្ដបន្ទាប់។

ដំណាលគ្នានឹងការលះបង់ និងខំប្រឹងរបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជានេះដែរ នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន ម៉ានី បានបង្ហោះសារសកម្មភាពប្រកួតមួយចំនួនរបស់កីឡាករ-កីឡាការិនីជនពិការកម្ពុជា អមជាមួយសារបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅថា «ញើស និងឈាមក្នុងបុព្វហេតុជាតិ និងមាតុភូមិ! សម្រាប់ពួកគាត់ ពិការភាពមិនមែនជាឧបសគ្គ! ឧបសគ្គពិតនោះ គឺការឈរឱបដៃមើល រិះគន់ និងការបណ្តោយតាមព្រហ្មលិខិត»

ការលើកឡើងខាងលើនេះ ស្របពេលដែលប្រតិភូកីឡារករ កីឡាការិនីកម្ពុជា បាននឹងកំពុងចូលរួមប្រកួតប្រជែងមិនរុញរា ប្រឹងប្រែងអស់លទ្ធភាព បើទោះពួកគាត់ស្ថិតក្នុងពិការភាព ដើម្បីនាំកិត្តិយសជូនជាតិ មាតុភូមិ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះ ក្នុងនាមប្រធានប្រតិភូ លោកក៏បានបង្ហាញនូវមោទកភាព ចំពោះក្រុមកីឡាករ-កីឡាការិនីជាជនមានពិការភាពដែរថា «ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង»

លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ទោះបីជាកីឡាករ-កីឡាការិនី ស្ថិតក្នុងពិការភាព ពួកគាត់មិនបានដាក់បន្ទុកនេះឲ្យសង្គមជាតិឡើយ ហើយលោកបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជនមានពិការភាព តាមរយៈការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ជនពិការជាប្រជាពលរដ្ឋពេញលេញទៀតផង។

គួរដឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នេះ កម្ពុជាបានបញ្ចូនប្រតិភូ និងអត្តពលិកសរុប ១៦៦នាក់ លើកីឡា ១១ប្រភេទចូលរួមប្រកួត ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ានី ប្រធានប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ខណៈក្រោយចប់ការប្រកួតនាថ្ងៃទី០៦ ខែសីហាខាងមុខ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ក៏នឹងឡើងទទួលទង់បន្ដវេនធ្វើម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នាឆ្នាំ២០២៣ បន្ទាប់ពីឥណ្ឌូនេស៊ីផងដែរ៕