(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនៅថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តឯកជននានា គ្រោងវិនិយោគជាង ៧០០លានដុល្លារក្នុងការជំរុញផលិតកម្មក្នុងស្រុកនូវឧបករណ៍សាករថយន្តអគ្គីសនីថ្មីជាង ២៥០,០០០គ្រឿងក្នុងមួយឆ្នាំ។ តាមការបញ្ជាក់ពីសេតវិមាន ការវិនិយោគនេះនឹងបង្កើតការងារដែលមានប្រាក់ខែខ្ពស់យ៉ាងហោចណាស់ ២,០០០ការងារឯណោះ និងធ្វើឱ្យការសាកថ្មកាន់តែងាយស្រួល ថែមទាំងមានតម្លៃសមរម្យថែមទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈការវិនិយោគនោះរួមមានទំហំទឹកប្រាក់ចំនួន ៤៥០លានដុល្លារ ដែលបានមកពីក្រុមហ៊ុន Volkswagen unit Electrify America និង ២៥០លានដុល្លារទៀតបានមកពីក្រុមហ៊ុន Siemens ក្នុងគោលបំណងពង្រីករោងចក្រផលិតឆ្នាំងសាករថយន្តអគ្គីសនីដែលមានទីតាំងនៅ Grand Prairie, Texas, Ponoma និង California ជាដើម។

យ៉ាងណាមិញកាលពីខែសីហាឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានប្រកាសពីគោលបំណងចំពោះក្រុមហ៊ុនផលិតរថយន្តចំនួនដោយការដាក់លក់រថយន្តសម្រាប់ឆ្នាំ២០៣០ នេះគឺពាក់កណ្តាលនៃរថយន្តថ្មីទាំងនោះជាប្រភេទរថយន្តអគ្គីសនីរួមមាន fuel cell ឬ plug-in hybrid។ ទាំងនេះគឺជាផ្នែកមួយដែលលោកចង់ឃើញបណ្តាញឆ្នាំងសាករថយន្តអគ្គីសនីរបស់សហរដ្ឋអាមេរិកកើនឡើងដល់ទៅ ៥០០,០០០ នៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី ១០០,០០០ សព្វថ្ងៃនេះ៕