(ភ្នំពេញ)៖ ធនាគារវីង ព្រមទាំងបុគ្គលិក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដៃគូនានា និងអតិថិជនធនាគារ វីង បានចូលរួម និងបរិច្ចាគទឹកប្រាក់ប្រមាណ ៣២,៥លានរៀល ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនាពេលថ្មីៗកន្លងទៅនេះ ក្នុងនោះធនាគារ វីង បានឧបត្ថម្ភទឹកប្រាក់ចំនួន២០លានរៀលផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង បានឲ្យដឹងថា «មន្ទីរពេទ្យកុមារអង្គរជាក្តីសង្ឃឹមរបស់ឪពុកម្តាយទូទាំងប្រទេស ដែលផ្តល់ការព្យាបាលកូនៗដ៏មានប្រសិទ្ធភាព និងមិនមានការរើសអើង ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយឲ្យមន្ទីរពេទ្យ បន្តផ្តល់សេវាព្យាបាលថែទាំដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាបានកាន់តែច្រើន និងប្រសើរថែមទៀត»

លោក ហោ ប៊ុនថែ បានបន្តថា តាងនាមឲ្យថ្នាក់ដឹកនាំធនាគារ វីង សូមសម្តែងការកោតសសើរ ចំពោះទឹកចិត្ដ ការខិតខំប្រឹងប្រែងរបស់ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ដ និងធនធានសម្រាប់បុព្វហេតុដ៏សម្បុរសនេះ។

សប្បុរសជនទាំងឡាយក៏អាចបន្តចូលរួមឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ បានយ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា ជាមួយភ្នាក់ងារវីងជាង ១០៨០០កន្លែងទូទាំងប្រទេស ឬអាចបរិច្ចាគថវិកា តាមរយៈកម្មវិធីវីងប៊ែងអេប ដោយគ្រាន់តែចូលទៅកាន់មុខងារ «សប្បុសធម៌» បន្ទាប់មក «បរិច្ចាគ» និងជ្រើសរើស «មន្ទីរពេទ្យកុមារអង្គរ» ជាមួយលេខកូដ ៩១២២ (ប្រាក់រៀល) ឬ ៨១២២ (ប្រាក់ដុល្លារ)ជាការស្រេច។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថា «ការចូលរួមបរិច្ចាគរបស់លោក-អ្នក បានផ្តល់ការគាំទ្រយ៉ាងចាំបាច់ ដល់ការថែទាំកុមារកម្ពុជា ពិសេសសំខាន់ ក្នុងពេលប្រទេសកំពុងងើបពីវិបត្តិជំងឺរាតត្បាត»

លោកបានបន្ដថា ដោយមានការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការជួយកុមារជាង៤០០នាក់ជាប្រចាំថ្ងៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានចូលរួមគាំទ្រមន្ទីរពេទ្យកុមារអង្គរ និងបុព្វហេតុកិច្ចការសប្បុរសធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា ឆ្នាំ២០២២ជាឆ្នាំទី៣ ដែលធនាគារវីងបានគាំទ្រយុទ្ធនាការ រៃអង្គាសថវិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង៕