(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្ដរជាតិ បានបើកភ្លើងខៀវដល់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដើម្បីរៀបចំចុះឈ្មោះ និងប្រឡងអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិនាខែកញ្ញាខាងមុខ ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ ក្រោយពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុ ក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នាថ្ងៃទី២៩ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។

លោកបានឲ្យដឹងថា សហព័ន្ធអន្ដរជាតិ បានអនុញ្ញាតឲ្យសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រៀបចំចុះឈ្មោះមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រម ៩រូប ដើម្បីចុះឈ្មោះ និងធ្វើការប្រឡងក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ ដែលអាចដឹកនាំការប្រកួតអន្ដរជាតិបាន ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

អគ្គលេខាធិការដដែលបន្ដថា មុនឈានដល់ការប្រឡងអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ សហព័ន្ធក៏នឹងមានបើកវគ្គបំប៉នមួយ នាខែសីហាខាងមុខ ហើយកាលពីថ្មីៗ សហព័ន្ធក៏បានបញ្ជូនអាជ្ញាកណ្ដាល ៤រូប ចូលរួមសិក្ខាសាលា និងអនុវត្តក្នុងការប្រកួតផ្ទាល់ នៅប្រទេសថៃ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រឡងយកក្របខណ្ឌអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិនេះដែរ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុ នៃកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំនេះវិញ សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះ គឺមានកីឡាករ-កីឡាការិនី ៤០រូបចូលរួម មកពីគ្រឹះស្ថានសិក្សាចំនួន ៨។ អ្វីដែលពិសេស ក្នុងនោះក៏មានការចូលរួមកាត់សេចក្ដីពីអាជ្ញាកណ្ដាល-ចៅក្រម ដែលសហព័ន្ធត្រៀមចុះឈ្មោះប្រឡងយកអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ នាខែកញ្ញាខាងមុខផងដែរ។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតក្រោយដំណើរការអស់រយៈពេល ៥ថ្ងៃ សម្រាប់ក្រុមដណ្ដើមបានមេដាយច្រើនជាងគេ គឺក្រុមពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ២ ខណៈក្រុមបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឈរលេខ២ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្រុមវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ឈ្នះមេដាយមាស១ ឈរលេខ៣៕