(បរទេស)៖ ជាទម្លាប់គឺក្រុមហ៊ុន Apple តែងតែប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅក្នុងអំឡុងខែកញ្ញា ជារៀងរាល់ឆ្នាំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បានព្យាយាមបង្កើតនូវ Hardware សម្រាប់បំពាក់ នៅលើ ឧបករណ៍របស់ខ្លួន ដោយព័ត៌មានចុងក្រោយបានបញ្ជាក់ថា iPhone 14 ឬ iPhone ជំនាន់ថ្មីនឹងបំពាក់នូវឈីប 5G ដែលរចនា និងបង្កើតឡើងដោយ Apple ផ្ទាល់ ប៉ុន្តែបើតាមការបញ្ជាក់ចុងក្រោយ ពីសំណាក់លោក Ming-Chi Kuo បានឱ្យដឹងថា Apple បានបរាជ័យក្នុងការ បង្កើតឈីប 5G។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា iPhone 14 ឬ iPhone ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញខ្លួននៅចុងឆ្នាំនេះ នឹងភ្ជាប់មកជាមួយនូវឈីប 5G របស់ Qualcomm ដែលមិនមែនជាឈីប 5G របស់ Apple ឡើយ ពោលគឺ Qualcomm ជាអ្នកផ្គត់ផ្គង់ឈីប 5G សម្រាប់ iPhone ជំនាន់ថ្មី ១០០ភាគរយ។

កាលពីឆ្នាំ ២០១៩ មានព័ត៌មានលេចឭមកថា Apple បានចំណាយប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បី ទិញយកជីវកម្មផលិត modem ស្មាតហ្វូនពីក្រុមហ៊ុន Intel ក្នុងគោលបំណងបង្កើតឈីបសម្រាប់ iPhone ដោយខ្លួងឯង ហើយក្រោយមកក៏ធ្លាយព័ត៌មានថា ឈីប 5G សម្រាប់ iPhone 14 គឺ Apple ផលិតឡើងដោយ ខ្លួនឯង។

លោក Ming-Chi Kuo មិនបានបញ្ជាក់ឱ្យដឹងថាទេថា Apple បានជួបបញ្ហាអ្វីដែលនាំឱ្យរាំងស្ទះការផលិតឈីប 5G នេះ ប៉ុន្តែលោកបានអះអាងថា នៅឆ្នាំក្រោយ Qualcomm នឹងទទួលបានការផ្គត់ផ្គង់ឈីប 5G សម្រាប់ iPhone ឆ្នាំ២០២៣ ត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕