(ម៉ូណាកូ)៖ ក្លិប Monaco របស់លីគបារាំង Ligue 1 បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិបអង់គ្លេស Liverpool ក្នុងតម្លៃប្រមាណ ១៥.៥លានផោននៃការទិញយកខ្សែប្រយុទ្ធ Takumi Minamino ដែលមានកិច្ចសន្យារយៈពេល ៤ឆ្នាំ។

ក្លិប Monaco ជាមួយក្នុងចំណោមក្លិបផ្សេងៗ ដែលមានការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធ Minamino ដែលក្លិប Liverpool បានទិញមកពីក្លិប Red Bull Salzburg ក្នុងតម្លៃត្រឹម ៧.២៥លានផោនកាលឆ្នាំ២០២០ ដែលរូបគេបានបង្ហាញខ្លួនចំនួន ៥៥ប្រកួតរកបាន ១៤គ្រាប់។

ក្នុងការចូលរួមជាមួយក្លិប Liverpool ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Minamino បានរួមចំណែកជាមួយក្លិបលើកពានលីគអង់គ្លេស Premier League, FA Cup, EFL Cup, នឹងរងជើងឯកពានលីគអឺរ៉ុប UEFA Champions League 2021-22 ដ្បិតធ្លាប់លើកពានលីគ Austrian Bundesliga បានចំនួន ៦រដូវកាល។

ក្រោយការចាក់ចេញរបស់ Minamino លោកគ្រូបង្វឹក Jurgen Klopp បានបង្ហាញអារម្មណ៍ថា« វាពិតជាពិបាកនឹងមើល Taki ចាក់ចេញទៅ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរអស្ចារ្យមួយសម្រាប់គាត់ ដែលសមនឹងទទួលបាននាមជាកីឡាករអាជីពដែលមានទេពកោសល្យល្អអស្ចារ្យ»៕