(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈនៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ។ ដៃគូពាណិជ្ជកម្មទាំងបីសុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប ជីប ម៉ុង ទីនោះនឹងមានស្លាកយីហោអាជីវកម្មរបស់ខ្លួនបើកដំណើរការអាជីវកម្ម។

លោក តែ សុង នាយកប្រតិបត្តិរបស់រោងភាពយន្ត Legend បានលើកឡើងថា នេះជាគម្រោងទី៣ ហើយដែល Legend បានចាប់ដៃគូជាមួយ ជីប ម៉ុង រីថែល លើផ្នែករោងភាពយន្ត។ គម្រោងទី១ គឺនៅផ្សារទំនើប Noro Mall គម្រោងទី២ គឺនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ហើយគម្រោទី៣ គឺស្ថិតនៅទីតាំងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ លោកបានបន្តថា រោងកុន Legend នឹងបន្តកិច្ចសហការជាមួយជីប ម៉ុង រីថែល តទៅទៀត ដោយប្រកាន់លើគោលជំហរថា ទីណាមានផ្សារទំនើបជីប ម៉ុង ទីនោះនឹងមាន រោងភាពយន្ត Legend។

គួរបញ្ជាក់ផងដែរថា ក្រោមការសហការរវាងជីប ម៉ុង រីថែល និង Legend រោងភាពយន្តនៅមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជារោងកុនដែលមានរចនាបទប្លែកប្រកបដោយភាពច្នៃប្រឌិត និងមានបំពាក់នូវគ្រឿងបរិក្ខារដ៏ទំនើប ជាមួយកន្លែងអង្គុយប្រកបដោយផាសុកភាព ប្រពន្ធ័សម្លេងដែលមានបច្ចេកវិទ្យាចុងក្រោយគេបង្អស់ និងម្ហូបលំដាប់ផ្កាយប្រាំសម្រាប់បម្រើជូនអតិថិជននៅ VIP Hall។

កញ្ញា គី វីភាព អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃ Dozzii និង NEO បានបង្ហាញចំណាប់អារម្មណ៍ និងទំនុកចិត្តលើផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថា៖ «ជាមួយនឹងភាពជោគជ័យរបស់ Doozii នៅផ្សារទំនើបជីប ម៉ុង សែនសុខ យើងនឹងបន្តពង្រីកនូវសក្ដានុពលរបស់ក្រុមហ៊ុនទៅជា Super Doozii នៅមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លនេះ»

កញ្ញាបានបន្តថា កម្មវិធីកម្សាន្តទាំងនេះ ចាប់ផ្ដើមឡើងពីកម្មវីធីសម្រាប់កុមារ និងបន្តសម្រាប់មនុស្សធំ និងក្រុមគ្រួសារទាំងមូល ជាមួយនឹងពិភពហ្គេម NEO ដែលបំពាក់សុទ្ធតែបច្ចេកវិទ្យាហ្គេមទំនើបៗ ថែមទៀតផង។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានអរគុណដៃគូពាណិជ្ជកម្មចំពោះការផ្តល់សេចក្តីទុកចិត្ត និងថ្លែងថា «ការចុះអនុស្សារណៈយោគយល់ជាបន្តបន្ទាប់ជាមួយដៃគូពាណិជ្ជកម្មនេះ ជាសក្ខីភាពនៃការសហការជាដៃគូយុទ្ធសាស្រ្ត និងយូរអង្វែងទៅលើគម្រោងវិនិយោគរបស់ជីប ម៉ុង រីថែលដែលមានទំហំរហូតដល់ទៅ ៥០០លានដុល្លា»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុនមានមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើ ជីប ម៉ុង សែនសុខ ម៉ល និង ជីប ម៉ុង 598 ម៉ល។ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីធ្វើឲ្យវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង។

សម្រាប់ព័ត៌មានលម្អិតអំពីការជួលផ្ទៃក្រឡានៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888
អ៊ីម៉ែល [email protected] ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall