(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញនូវប្រម៉ូសិន សម្រាប់ចុងសប្តាហ៍នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារសម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយនឹងផ្សាម៉ាក្រូ (Makro)។

ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀង រវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះ មានប្រភពពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន CP Group។ អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលធ្វើការទូទាត់ប្រាក់ សម្រាប់រាល់ការទិញទំនិញរបស់ពួកគេ នៅផ្សារម៉ាក្រូដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet មានសិទ្ធិទទួលបានទឹកប្រាក់រហូតដល់ ៥ដុល្លារត្រលប់មកវិញនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះ តទៅរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងផ្លូវការរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា «ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូនគុណតម្លៃ និងអត្ថប្រយោជន៏ក្នុងការចំណេញប្រាក់ (value for money) សម្រាប់អតិថិជនរបស់យើង។ ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយបំផុតនេះ ក្រុមហ៊ុនទ្រូម៉ាន់នីកំពុងផ្តល់ជូននូវដំណោះស្រាយក្នុងការទិញទំនិញនៅ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌល បោះដុំទំនិញជាច្រើនមុខនៅក្នុងប្រទេស។ ដោយអត្ថប្រយោជន៏មួយដែលទ្រូម៉ាន់នី ផ្តល់ជូនអតិថិជននោះគឺ ការចំណេញសាច់ប្រាក់មកវិញពេលទិញទំនិញនៅ Makro ដោយធ្វើការទូទាត់តាម TrueMoney Wallet»

លោក JARERNSUK Yuttapoom នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា បានមានប្រសាសន៍ថា «យើងបានដឹងអំពីការរីកចម្រើន ដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយយើងមានសេចក្តីសោមនស្សរីករាយ ដែលអាចផ្តល់ជូនផលិតផលមានគុណភាពរបស់ផ្សារម៉ាក្រូដល់អតិថិជន TrueMoney ដែលស្ថិតក្រោមកិច្ចព្រមព្រៀងពិសេសនេះ»

គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នផ្សារម៉ាក្រូបានបើកដំណើរការចំនួនពីរសាខាររួចមកហើយ ដែលសាខាទី១មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសាខាទី២នៅខេត្តសៀមរាប។ ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការជាច្រើនសាខាបន្ថែមទៀតនាពេលខាងមុខ។

ផ្សារម៉ាក្រូ គឺជាមជ្ឈមណ្ឌលលក់ទំនិញបោះដុំ សម្រាប់អ្នកប្រកបអាជីវកម្មជំនាញ និងផ្តល់ជូនផលិតផលតម្លៃបោះដុំទៅកាន់សហគ្រិន ភោជនីយដ្ឋាន អ្នកផ្តល់សេវាផ្គត់ផ្គង់ម្ហូបអហារដល់សណ្ឋាគារ ស្ថាប័នផ្សេងៗ និងហាក់លក់ទំនិញខ្នាតតូច។
ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើនចំនួនគណនីថ្មីទ្វេដងក្នុងឆ្នាំ២០២១ ក្នុងរយៈពេលមួយឆ្នាំ និងបង្កើនប្រតិបត្តិការរបស់អតិថិជន ៤០ភាគរយក្នុងរយៈពេលដូចគ្នា៕