(ឡុងដ៍)៖ កីឡាករតេន្នីសលំដាប់ទី៨ របស់ពិភពលោក Matteo Berrettini ដែលជាជើងឯករងពានរង្វាន់ Wimbledon កាលពីឆ្នាំមុននោះ បានក្លាយជាកីឡាករលំដាប់កំពូលទី២ ហើយ ដែលបានដកខ្លួនចេញពីកម្មវិធីនៅឆ្នាំនេះ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិអ៉ីតាលី ដែលបានចាញ់កីឡាករ Novak Djokovic ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២១ នោះ បានដកខ្លួនពីការប្រកួតនៅទីលានវាលស្មៅនាឆ្នាំនេះនាថ្ងៃអង្គារ ដោយសារតែរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីកីឡាករសញ្ជាតិក្រអាត Marin Cilic ដែលជាជើងឯករងកាលពីឆ្នាំ២០១៧ បានបង្ខំចិត្តដកខ្លួនចេញដែរ ដោយសារហេតុផលដូចគ្នា។

កីឡាករសញ្ជាតិស៊ុយអែត Elias Ymer បានជំនួសកីឡាករ Berrettini នៅក្នុងការចាប់ឆ្នោតផ្នែកបុរស។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី។

សូមជម្រាបថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ខំឲ្យអ្នករៀបចំកម្មវិធីលុបចោលព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំ២០២០ ប៉ុន្តែមិនមានការរឹតត្បិតកូវីដ-១៩ ត្រូវបានដាក់ឲ្យអនុវត្តនោះទេនៅឆ្នាំនេះ ហើយការចាក់វ៉ាក់សាំង ក៏មិនមែនជាកាត្វកិច្ចសម្រាប់កីឡាករ ដើម្បីអាចចូលរួមបានដែរ៕