(មេនឆេស្ទើ)៖ ក្លិប Manchester United បានព្រមព្រៀងខ្លះៗហើយលើកិច្ចសន្យាតម្លៃ ៦៥លានអឺរ៉ូ (៥៦លានផោន) បូកនឹងប្រាក់បន្ថែមជាមួយនឹងក្លិប Barcelona ក្នុងការនាំយកខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពីក្លិបបានលើកឡើងថា កិច្ចសន្យាមិនទាន់រួចរាល់នៅឡើយនោះទេ ហើយវាមានបញ្ហាសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើការបន្ត។ ប៉ុន្តែការវិវឌ្ឍត្រូវបានគេមើលឃើញថា មានភាពវិជ្ជមាននៅក្នុងអាណត្តិនៃការផ្ទេរកីឡាករ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ គឺជាកីឡាករលំដាប់ទី១ នៃគោលដៅផ្ទេរកីឡាករនារដូវក្តៅនេះរបស់អ្នកចាត់ការថ្មីក្លិប United លោក Erik ten Hag។

ក្លិបក៏បាននឹងកំពុងសំលឹងមើលក្នុងការចុះកិច្ចសន្យាជាមួយនឹងកីឡាករផ្សេងទៀតផងដែរ ប៉ុន្តែការចុះកិច្ចសន្យាជាមួយកីឡាករ De Jong ត្រូវបានគេមើលឃើញថា ជាអាទិ៍ភាព។

សូមជម្រាបថា អ្នកចាត់ការ Ten Hag និងក្រុមកីឡាករ គ្រោងនឹងចាកចេញពីមូលដ្ឋានសម្រាប់ការប្រកួតមុនរដូវកាលនៅប្រទេសថៃ និងអូស្ត្រាលី នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ៕