(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខា បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ចំពោះការដណ្ដើមបានជ័យជម្នះផ្ទួនៗ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Cup 2022 ពូលG ពិសេសការលត់ក្រុមម្ចាស់ផ្ទះ Bali United ៥-២ កាលពីម្សិលមិញ ដោយលោកបានចាត់ទុកជ័យជម្នះដ៏ត្រចះត្រចង់នេះ គឺជាសញ្ញាណវិជ្ជមានមួយ បង្ហាញថា វិស័យកីឡាបាល់ទាត់កម្ពុជា កំពុងដើរទៅមុខ ។

ថ្លែងក្រោយក្នុងសន្និសីទក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមតំណាងកម្ពុជាខាងលើ បានបញ្ជាក់ថា «អ្វីដែលពួកយើងធ្វើបាន និងជ័យជម្នះថ្ងៃនេះ គឺពួកយើងសប្បាយចិត្តមែនទែន ។ ខ្ញុំសូមអរគុណដល់ក្រុមការងារគ្រូ និងកីឡាករទាំងអស់ ដែលខិតខំប្រឹងប្រែង រហូតដល់ចប់ការប្រកួត ។ ថ្ងៃនេះ សបញ្ជាក់ថា បាល់ទាត់កម្ពុជា កំពុងតែដើរទៅមុខ ។ អ៊ីចឹងក្នុងនាមវិសាខា ខ្ញុំពិតជាសប្បាយចិត្ត ដែលពួកយើងមិនត្រឹមតែបានបង្ហាញខ្លួនលើឆាកអន្ដរជាតិ តែបានធ្វើឲ្យគេស្គាល់ថា បាល់ទាត់យើងកំពុងឆ្ពោះទៅមុខ»

ជុំវិញការយកឈ្នះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ីនេះ លោក មាស ចាន់ណា បានបង្ហើបថា ដោយសារការពង្រឹងសតិអារម្មណ៍កូនក្រុមបានល្អ ។ លោកថា «ខ្ញុំបានចាប់ផ្ដើមធ្វើអារម្មណ៍ពួកគាត់ខ្លាំង គឺពង្រឹងស្មារតីរបស់ពួកគាត់ខ្លាំង មិនឲ្យមានអ្វីប្រែប្រួល មិនឲ្យមានការប្រយ័ត្ននៃការលេងទេ ព្រោះគេពីមួយប្រកួតទៅមួយប្រកួត គេកាន់តែខ្លាំងទៅៗ ។ អ៊ីចឹងខ្ញុំចង់បង្ហាញលើឆាកអន្ដរជាតិ យើងលេងកាន់តែខ្លាំង យើងត្រូវការហ្វឹកហាត់កាន់តែខ្លាំងដែរ»

គួរដឹងថា បច្ចុប្បន្ន វិសាខា កំពុងឈរកំពូលតារាងពូល G និងមាន ៦ពិន្ទុពេញ បន្ទាប់ពីឈ្នះ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូង បានវាយបកឈ្នះក្រុមហ្វីលីពីន Kaya FC ២-១ ។ យ៉ាងណាក្ដីវិសាខា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ។ ការប្រកួតនេះ វិសាខា ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលបានឆ្លងវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ៕