(បរទេស)៖ បន្ទាប់ពីបាត់មុខយ៉ាងយូរក្នុងវិស័យសិល្បៈ នៅទីបំផុតតារាកំប្លែងដ៏ល្បីល្បាញវ័យ ៦៧ឆ្នាំ Mr Bean ដែលមានឈ្មោះពិតថា Rowan Atkinson បានត្រឡប់មកជាថ្មីហើយ តាមរយៈការសម្តែងរឿងបែបកំប្លែងមួយចំណងជើងថា «Man vs Bee» ដែលចាក់នៅលើ Netflix។

តាមរយៈស្នាដៃថ្មីរបស់ខ្លួននេះ Mr Bean ត្រូវបានគេដឹងថា សម្តែងជាមួយសត្វឃ្មុំ ហើយក្នុងភាពយន្តភាគនេះ Mr. Bean បានដើរជាតួអង្គឈ្មោះ Trevor Bingley ក្នុងនាមជាបុរសធម្មតាមួយរូប ដែលត្រូវគូស្វាមីភរិយាដ៏ស្តុកស្ដម្ភមួយគូ ជួលឲ្យជួយមើលថែភូមិគ្រឹះប្រណីតរបស់ពួកគេ។ បន្ថែមពីនេះ Mr. Bean មើលទៅហាក់មិនសូវលំបាកនោះទេ សម្រាប់ការសម្តែងក្នុងរឿងនេះ ត្បិតលោកបានដើរជាតួអង្គបែបកំប្លែងដដែល និងមានប្លង់ជាច្រើនដែលលោកថតជាមួយតុក្កតាឃ្មុំ ដែលបញ្ជាដោយមនុស្ស ព្រោះថាឃ្មុំ គឺជាតួអង្គសំខាន់មួយដែរក្នុងភាពយន្តនេះ។

គួរជម្រាបថា តារាកំប្លែងជនជាតិអង់គ្លេស ដ៏មានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី និងល្បីសុះសាយលោក Rowan Atkinson ត្រូវបានទស្សនិកជនស្គាល់ កាន់តែខ្លាំងតាមរយៈកម្មវិធីកំប្លែង របស់ទូរទស្សន៍ ដែលមានចំណងជើងថា «Mr. Bean» ដែលធ្វើឲ្យលោកជាប់ឈ្មោះនេះរហូតមកទល់បច្ចុប្បន្ន។ តារារូបនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា ទទួលមរណភាពជាញឹកញាប់ផងដែរ។ យ៉ាងណាមិញ ត្បិតថាចម្រើនវ័យដល់ ៦៧ឆ្នាំហើយក្ដី ប៉ុន្តែតារារូបនេះ បានបង្ហាញក្ដីសង្ឃឹមថាលោកនឹងអាចបន្តអាជីពជាតារាកំប្លែងជាមួយសេរីភាពពេញលេញ ដែលអាចលេងសើចតាមរបៀបជាច្រើន៕